ហ្គាប៊ុន ​៖ មេបញ្ជាការកម្លាំង​អង្គរក្សជាតិ ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មី

(VOVWORLD) - នាយប់ថ្ងៃទី ៣០ ខែសីហា ក្រុមឧត្តមសេនីយ៍ដែលធ្វើពលប្រហារនៅប្រទេសហ្គាប៊ុន បានប្រកាសជ្រើសរើសឧត្តមសេនីយ៍ Brice Oliguya មេបញ្ជាការកម្លាំងអង្គរក្សជាតិ មេដឹកនាំក្រុមពលប្រហារ ធ្វើជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសហ្គាបូនក្នុងដំណាក់កាលអន្តរកាល។

ពិធីប្រកាសសេចក្តីសម្រេចនេះ មានការចូលរួមពីឧត្តមសេនីយ៍យោធាហ្គាប៊ុនជាច្រើននាក់ ដែលបានលេចមុខរួមជាមួយលោកឧត្តមសេនីយ៍ Oliguya នៅលើទូរទស្សន៍ហ្គាប៊ុនកាលពីព្រឹក ថ្ងៃទី ៣០ សីហា ដើម្បីប្រកាសផ្អាករដ្ឋធម្មនុញ្ញ និងលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីហ្គាប៊ុនដោយជ័យជម្នះរបស់លោកប្រធានាធិបតី Ali Bongo ។

ហ្គាប៊ុន ​៖ មេបញ្ជាការកម្លាំង​អង្គរក្សជាតិ ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មី - ảnh 1ឧត្តមសេនីយ៍ Brice Oliguya មេបញ្ជាការកម្លាំងអង្គរក្សជាតិហ្គាប៊ុន ។ រូបថត៖ Business NG

នាថ្ងៃដដែលនោះ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមនាយទាហានហ្គាប៊ុនបានប្រកាសផ្អាករដ្ឋធម្មនុញ្ញនិងកាន់អំណាចដឹកនាំប្រទេស នៅក្នុងវីដេអូឃ្លីបដែលត្រូវបានជឿថាបានថតនិងចាក់ផ្សាយពីខាងក្នុងវិមានប្រធានាធិបតីហ្គាបូននៅរដ្ឋធានី Libreville បានបញ្ជាក់ថា លោកប្រធានាធិបតី Ali Bongo កំពុងត្រូវបានឃុំខ្លួនជាមួយសាច់ញាតិនៅក្នុងវិមាន ហើយអំពាវនាវឱ្យបណ្តាប្រទេសនិងមិត្តភក្តិធ្វើអន្តរាគមន៍ភ្លាមៗ។

ទន្ទឹមនឹងនេះដែរ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្រៅពីប្រធានាធិបតី Ali Bongo និងក្រុមគ្រួសារនោះ រដ្ឋមន្រ្តីមួយចំនួនក្នុងរដ្ឋាភិបាលហ្គាប៊ុនក៏ត្រូវបានកងទ័ពធ្វើពលប្រហារចាប់ខ្លួនដែរ ប៉ុន្តែមិនទាន់មានចំនួនច្បាស់នៅឡើយទេ។

នៅក្នុងប្រតិកម្មថ្មីបំផុត អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Olivier Veran បានប្រកាសថា បារាំងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅប្រទេសអាហ្វ្រិកខាងលិចនេះ ដោយថ្កោលទោសពលប្រហារ ហើយចង់ឲ្យលទ្ធផលនៃការបោះឆ្នោតត្រូវបានគោរព។ រុស្ស៊ីក៏បានចេញសេចក្ដីថ្លែងប្រកាសសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពនៅប្រទេសហ្គាប៊ុន ហើយសង្ឃឹមថានឹងមានស្ថិរភាពយ៉ាងឆាប់ៗ។

ប្រធានគណៈកម្មាធិការអាហ្វ្រិក (AU) លោក Moussa Faki Mahamat បានឲ្យដឹងថា សហភាពអាហ្វ្រិកចាត់ទុកថារាល់ការធ្វើពលប្រហារជាសកម្មភាពរំលោភបំពានលើគោលការណ៍ និងមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពនេះ។ មន្ត្រីរូបនេះក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធហ្គាប៊ុន ការពារសុវត្ថិភាពអាយុជីវិតជូនប្រធានាធិបតី Ali Bongo សមាជិករដ្ឋាភិបាល និងគោរពដំណើរការប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ