ហ្វាំងឡង់​បាន​ចូល​ជា​សមាជិកអង្គការ​​ណាតូ​ជា​ផ្លូវ​ការ

(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា ហ្វាំងឡង់បានចូលរួមជាផ្លូវការក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដោយបានក្លាយជាសមាជិកទី៣១ នៃសម្ព័ន្ធភាពយោធានេះ។
ហ្វាំងឡង់​បាន​ចូល​ជា​សមាជិកអង្គការ​​ណាតូ​ជា​ផ្លូវ​ការ - ảnh 1ទង់ជាតិហ្វាំងឡង់ និងទង់ជាតិណាតូ នៅខាងក្រៅទីស្នាក់ការក្រសួងការបរទេសហ្វាំងឡង់ ក្នុងទីក្រុង Helsinki ថ្ងៃទី៤ ខែមេសា។ (រូបថត៖ Reuters )

ពិធីបង្ហូតទង់ជាតិបានគូសសញ្ញាសម្គាល់ការចូលជាសមាជិកណាតូផ្លូវការរបស់ហ្វាំងឡង់ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ក្រោមការចូលរួមរបស់មេដឹកនាំជាន់ខ្ពស់ណាតូ ហ្វាំងឡង់ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក AntonyBlinken ។

បន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រគល់សំបុត្ររបស់អង្គការណាតូ ដែលអញ្ជើញហ្វាំងឡង់ឱ្យចូលរួមក្នុងសម្ព័ន្ធភាពយោធានេះ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Pekka Haavisto ក៏បានប្រគល់ឯកសារផ្លូវការស្តីពីការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ ជូនដល់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលមានភារកិច្ចរក្សាទុកឯកសារច្បាប់អំពីសមាជិកភាពនៃប្រទេសក្នុងសម្ព័ន្ធភាពនេះ។

ថ្លែងមតិក្នុងពិធីនេះ មន្ត្រីរបស់ណាតូ និងអាមេរិកបានអះអាងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយគូសសញ្ញាសម្គាល់ការបោះជំហានដ៏សំខាន់របស់ ណាតូ ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន និងរក្សាសន្តិសុខនៅតំបន់អឺរ៉ុប-អាត្លង់ទិក។ អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា កងទ័ពហ្វាំងឡង់មានសមត្ថភាពជាក់ស្តែងនិងជំនាញខ្ពស់ ហើយថា កងទ័ពហ្វាំងឡង់ និងណាតូ គឺជាដៃគូជិតស្និទ្ធរបស់គ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។     

ដូច្នេះ ហ្វាំងឡង់បានក្លាយជាសមាជិកទី ៧ របស់ណាតូនៅសមុទ្របាល់ទិក។ ប្រទេសនេះក្លាយជាសមាជិកទី ៣១ នៃអង្គការណាតូ ក៏មានន័យថានឹងមានព្រំដែនរួមបន្ថែម ១.៣៤០ គីឡូម៉ែត្រ រវាងរុស្ស៊ី និងសម្ព័ន្ធភាពនេះ។

ប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ នាថ្ងៃទី ៤ ខែមេសា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានសង្កត់ធ្ងន់ថា ការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់បានបង្កើនហានិភ័យននៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែនឡើងជណ្ដើរ។ រុស្ស៊ីចាត់ទុកការពង្រីកអង្គការណាតូថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ