ហ្វីលីពីន និង EU ប្រឆាំង​នឹង​ការ​ប្រើ​កម្លាំង​នៅ​សមុទ្រ​ខាង​កើត

(VOVWORLD) - ហ្វីលីពីន និងសហភាពអឺរ៉ុប(EU) បានសង្កត់ធ្ងន់លើការសន្យារបស់ខ្លួន ចំពោះសេរីភាពនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងបានអំពាវនាវឱ្យបណ្តាប្រទេសជៀសវាងការប្រើប្រាស់កម្លាំង ដោយបង្កអស្ថិរភាពក្នុងតំបន់។ 

នេះជាការប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន បន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មាធិការលើកដំបូង ស្តីពីកិច្ចសហប្រតិបត្តិការនាវាចរណ៍ហ្វីលីពីន-សហភាពអឺរ៉ុប កាលពីសប្តាហ៍មុននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

យោងតាមក្រសួងការបរទេសហ្វីលីពីន ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ នេះរួមទាំងសកម្មភាពដែល "បំផ្លាញបាតសមុទ្រនិងបរិស្ថានសមុទ្រ រារាំងដល់ជីវភាពរស់នៅរបស់ប្រជានេសាទ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហាររបស់ហ្វីលីពីន"។ ហ្វីលីពីន និង EU បានឯកភាពថា “វិវាទត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២”។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមិនធ្វើយោធូបនីយកម្ម និងភាពអត់ធ្មត់ក្នុងសកម្មភាពរបស់ប្រទេសនានា។

នៅក្នុងកិច្ចប្រជុំនេះ ហ្វីលីពីននិងEU ក៏បានធ្វើការសន្យាថ្មី ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការនាវាចរណ៍ទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាអង្គការពហុភាគីនិងក្នុងតំបន់ រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ