ហ្វេសប៊ុកលុបចោល ១,៥លាន វីដេអូ ស្តីពីការវាយប្រហារអំពើហិង្សា

(VOVWORLD) -បណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា គេបាន លុបចោល ១,៥លាន វីដេអូនៅទូទាំងពិភពលោក ដែលទាក់ទិននឹងការវាយប្រហារភេរវកម្មលើព្រះវិហារឥស្លាមនៅ នូវែលសេឡង់។

ក្នុងសារមួយដែលត្រូវបានបង្ហោះនាយប់ថ្ងៃទី ១៦ ខែមិនានោះ ហ្វេសប៊ុកបានលើកច្បាស់ថា ក្នុងរយៈពេល ២៤ ម៉ោងដំបូង យើងខ្ញុំបាន លុបចោល ១,៥លាន វីដេអូនៅទូទាំងពិភពលោក ដែលទាក់ទិននឹងការវាយប្រហារនេះ ក្នុងនោះ ១,២ លានវីដេអូត្រូវបានបិទ មិនឲ្យបង្ហោះបានឡើយ។ លើសពីនេះទៅទៀត ហ្វេសប៊ុកក៏បានប្រកាសលុបចោលរាល់ការនិពន្ធ កែសម្រួលវីដេអូនេះ សំដៅសម្ដែងការគោរពចំពោះជនរងគ្រោះដោយសារការបាញ់រះនេះក៏ដូចជា ការព្រួយបារម្ភរបស់ អាជ្ញាធរមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា គិតដល់ថ្ងៃទី ១៧ ខែមិនាអ្នកស្លាប់ក្នុងការវាយប្រហារទៅលើព្រះវិហារឥស្លាមនៅ ប្រទេសនូវែលសេឡង់ បានកើនឡើង៥០នាក់។ ខ្មាន់កាំភ្លើងបានផ្សាយបន្តផ្ទាល់សកម្មភាពវាយប្រហារកាលពីថ្ងៃទី ១៥ ខែមិនា តាមរយៈហ្វេសប៊ុក ក្នុងរយៈពេល ១៧នាទី ។ ប៉ុន្មានម៉ោងក្រោយមក វីដេអូនេះនៅតែបានចែកចាយ ចម្លងតាមរយៈបណ្ដាញសង្គម។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardernបានប្រកាសថា លោកស្រីមានគោលបំណងពិភាក្សាជាមួយហ្វេសប៊ុកអំពីការផ្សាយបន្តផ្ទាល់វីដេអូនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ