អាកាសយានដ្ឋាន Long Thanh នឹងចូលរួមចំណែកវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមករា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចូលរួមនិងចេញបទបញ្ជាឱ្យបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងតំណាងនានា អញ្ជើញធ្វើពិធីបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (រូបថត៖ VGP/Quang Hieu) |
គម្រោងវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងសំខាន់របស់ប្រទេសជាតិ ដែលមានអត្ថន័យធំធេងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ គោលបំណងរបស់គម្រោងគឺការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ទទួលបានកម្រិត ៤F ស្របតាមស្តង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសជាតិ ហើយឆ្ពោះក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអាកាសយានដ្ឋាននៃតំបន់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃគម្រោង នឹងវិនិយោគសាងសង់ផ្លូវរត់និងស្ថានីយដឹកអ្នកដំណើរ ដែលមានធាតុជំនួយធ្វើសមកាលកម្មដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២៥ លាននាក់/ឆ្នាំ និងទំនិញបាន ១,២ លាន តោន/ឆ្នាំ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (រូបថត៖ VGP/Quang Hieu) |
អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ស្ថិតក្នុងចំណោមគម្រោងព្រលានយន្តហោះចំនួន ១៦ ត្រូវបានរំពឹងបំផុតក្នុងពិភពលោក។ នេះគឺជាគម្រោងសំខាន់ជាពិសេសថ្នាក់ជាតិ ដែលបង្ហាញពីបំណងប្រាថ្នានិងឆន្ទៈមោះមុតរបស់វៀតណាម ហើយមានអត្ថន័យដ៏ធំធេងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមការពារជាតិនិងសន្តិសុខរបស់ប្រទេសជាតិ។ នេះក៏ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយដែលមានដើមទុន វិនិយោគធំបំផុតមិនធ្លាប់មានតាំងពីមុនមក។ ប្រសិនបើគម្រោងនេះត្រូវបានបញ្ចប់និងដាក់ឱ្យដំណើរការនោះ អាចរួមចំណែកដល់កំណើន GDP ពី ៣ ដល់ ៥% ផងដែរ”។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើទៅគណៈកម្មាធិការគ្រប់គ្រងដើមទុនរដ្ឋនៅសហគ្រាសដឹកនាំអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម (ACV) រៀបចំការអនុវត្តគម្រោងស្របតាមច្បាប់ ដោយធានានូវវឌ្ឍនភាព គុណភាព និងគ្មានការខ្ជះខ្ជាយនូវដើមទុនរបស់រដ្ឋ។ ទន្ទឹមជាមួយគ្នានោះ ម្ចាស់ វិនិយោគត្រូវធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាពដាច់ខាត គុណភាពការងារយោងតាមការរចនា ដើម្បីដាក់ព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី ១ នឹងត្រូវដំណើរការនៅឆ្នាំ ២០២៥ តាមផែនការដែលបានកំណត់៕