អគ្គនាយករង IMF៖ វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចដំណើរការល្អបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) - នេះជាការបញ្ជាក់របស់អគ្គនាយករងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Antoinette Sayeh ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារលើកដំបូងនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបលោកស្រី Antoinette Sayeh អគ្គនាយករង IMF ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក។ (រូបថត៖ VGP/Nhat Bac) |
នារសៀលថ្ងៃទី ១០ មករា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh, លោកស្រី Antoinette Sayeh បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសជំនះពុះពារលើដំណាក់កាលលំបាកក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ការស្តារឡើងវិញ និងការអភិវឌ្ឍដ៏ឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត។ លោកស្រី Antoinette Sayeh បានវាយតម្លៃថា វៀតណាមនឹងបន្តរក្សាសន្ទុះកំណើនរបស់ខ្លួនជាមួយនឹងគោលនយោបាយសមស្របលើសារពើពន្ធ រូបិយវត្ថុ ការវិនិយោគសាធារណៈ ការគ្រប់គ្រងអតិផរណា ភាពបត់បែនក្នុងគោលនយោបាយអត្រាប្តូរប្រាក់។ល។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា នៅឆ្នាំ២០២៣ វៀតណាមនឹងដាក់ពង្រាយយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នានូវដំណោះស្រាយ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើនសេដ្ឋកិច្ច និងធានានូវតុល្យភាព នៃសេដ្ឋកិច្ច; ផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចវិលជុំ ។ល។ ដោយមានសក្ដានុពលខ្លាំងខាងថាមពលកកើតឡើងវិញ វៀតណាមកំពុងទាញយកផលប្រយោជន៍ពីកាលានុវត្តភាព និងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផង និងរួមចំណែកដល់ការការពារបរិស្ថាន និងអេកូឡូស៊ីសកលផង៕