អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម

(VOVWORLD) - ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម លោក ឆាយ ណាវុធ បានចាត់ទុកថា អាស្រ័យដោយមានរលកវិទ្យុសម្លេងវៀតណាម យុទ្ធជន និងប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីបុព្វហេតុតស៊ូនិងរំដោះជាតិ។ 
អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy (ខាងស្ដាំ) ទទួលជួប
ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ឆាយ ណាវុធ។ (រូបថត៖ VOV)

ថ្លែងក្នុងជំនួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម លោក ឆាយ ណាវុធ នារសៀលថ្ងៃទី២១ ខែមិថុនា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ រដ្ឋធានីហាណូយ អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាទីភ្នាក់ងារសារព័ត៌មានស្នូល ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុផ្លាតហ្វម និងពហុភាសានៅវៀតណាម VOV មានបំណងបន្តពង្រីកសមិទ្ធផលសហប្រតិបត្តិការដ៏ល្អប្រសើររវាងទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរនិងជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរនិងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។ អគ្គនាយក VOV លោក Do Tien Sy បានឲ្យដឹងថែមទៀតថា៖

“ប្រទេសយើងទាំងពីរ វៀតណាមនិងកម្ពុជា មានចំណុចស្រដៀងគ្នាជាច្រើន ដែលបានរួមគ្នាជម្នះពុះពារលើការលំបាកដែលបង្កឡើងដោយធម្មជាតិ ហើយបានឆ្លងកាត់សង្រ្គាមដែលបានអូសបន្លាយក្នុងអំឡុងពេលជាង១០០ឆ្នាំ។ វិទ្យុសម្លេងវៀតណាមនាបច្ចុប្បន្នមានប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៦ ប៉ុស្តិ៍វិទ្យុចំនួន ៨ កាសែតអេឡិចត្រូនិកចំនួន ២ និងប៉ុស្តិ៍ VOVline ចំនួន ១ ដែលដំណើរការលើផ្លាតហ្វមឌីជីថល រួមជាមួយនឹងសកម្មភាព និងផ្លាតហ្វមជាច្រើនទៀតសម្រាប់ការផ្សព្វផ្សាយព័ត៌មានជាប្រចាំថ្ងៃ។ យើងខ្ញុំតែងតែមានព័ត៌មាននិងអត្ថបទ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេសទៀតផង ដូច្នេះយើងពិតជាត្រូវការព័ត៌មានពីកម្ពុជា ដើម្បីបង្ហាញឲ្យប្រជាជនឃើញចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា ដើម្បីឲ្យប្រជាជនវៀត ណាមយល់ដឹងថែមទៀតអំពីប្រជាជនកម្ពុជា។ ការយល់ដឹងនេះនឹងរួមចំណែកបង្កើតឡើងឯកភាពរវាងប្រទេសយើងទាំងពីរ”។

រីឯខ្លួនវិញ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀត ណាម លោក ឆាយ ណាវុធ បានចាត់ទុកថា អាស្រ័យដោយមានរលកវិទ្យុសម្លេងវៀតណាម យុទ្ធជន និងប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីបុព្វហេតុតស៊ូនិងរំដោះជាតិ។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា VOV បានចូលរួមចំណែកក្នុងការរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបប ប៉ុល ពត ហើយបន្ទាប់មកគឺរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ