អគ្គលេខាធិការអង្គការសហប្រជាជាតិ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៣ តុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែតុលា។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1អគ្គលេខាបក្សលោក  Nguyen Phu Trong ទទួលជួបជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ Tri Dung/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres មានសកម្មភាពសំខាន់ៗជាច្រើន ដូចជា អញ្ជើញដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អញ្ជើញទស្សនាវិមានប្រធានរដ្ឋ; អញ្ជើញចូលជួបសម្តែងការគួរសម អគ្គលេខាបក្ស លោក Nguyen Phu Trong; ចូលរួមពិធីទទួលបសិដ្ឋារកិច្ចជាផ្លូវការ ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Nguyen Xuan Phuc; ជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue; និងអញ្ជើញរួមជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc ធ្វើជាសហប្រធានក្នុងពិធីរំលឹកខួបលើកទី ៤៥ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម (២០ កញ្ញា ១៩៧៧- ២០ កញ្ញា ២០២២)។

នៅឯជំនួបទាំងអស់ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ វៀតណាមបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការ Antonio Guterres; ថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែរួមដំណើរជាមួយវៀតណាមលើគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ។ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកឆ្លងរាលដាលជំងឺកូវីដ-១៩ ការគាំទ្ររបស់អង្គការសហប្រជាជាតិបាន ជួយវៀតណាមក្នុងការកម្ចាត់ជំងឺនេះយ៉ាងឆាប់។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងសំឡេងរបស់វៀតណាមក្នុងឆាកអន្តរជាតិ ដោយអះអាងនូវការគាំទ្រយ៉ាងពេញលេញចំពោះសសរស្តម្ភសំខាន់ក្នុង គោលមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នៅបណ្ឌិត្យសភាការទូត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាលើប្រធានបទ “ការច្នៃប្រឌិត និងការចូលរួមរបស់យុវជនដើម្បី អនាគតប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន” ដោយមានថ្នាក់ដឹកនាំវ័យក្មេង យុវជនវៀតណាមជិត ៤០០នាក់មកពីស្ថាប័នរដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ អង្គការនយោបាយ និងសង្គម អង្គការក្រៅរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការលើវិស័យយុវជន អភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ កងកម្លាំងចូលរួមអង្គការសហប្រជាជាតិ និងនិស្សិតនៃសាកលវិទ្យាល័យមួយចំនួននៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអញ្ជើញទៅទស្សនាទីតាំងល្បីឈ្មោះមួយចំនួននៅទីក្រុងហាណូយ។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ចប់ដោយជោគជ័យ រួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងអង្គការសហប្រជាជាតិ និងវៀតណាមនាពេលខាងមុខ ដើម្បីជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធានា និងជំរុញសិទ្ធិមនុស្សលើជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ