អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ពិបាកសម្រេច​បាន​កិច្ចព្រមព្រៀង​ឈប់បាញ់​​នៅអ៊ុយក្រែន

(VOVWORLD) - ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ផ្តល់ជំនួយហិរញ្ញវត្ថុយ៉ាងឆាប់រហ័សដល់ប្រទេសក្រីក្រដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារឥទ្ធិពលនៃជម្លោះនៅអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ពិបាកសម្រេច​បាន​កិច្ចព្រមព្រៀង​ឈប់បាញ់​​នៅអ៊ុយក្រែន - ảnh 1ទាហានអ៊ុយក្រែនក្នុងពេលមានជម្លោះជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Lugansk (រូបថតឯកសារ៖ AFP/VNA)

កាលពីថ្ងៃទី ១៣ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃថាលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែនគឺមិនសូវមានវិជ្ជមានឡើយ ហើយបច្ចុប្បន្ននេះអង្គការសហប្រជាជាតិនៅតែទន្ទឹងរង់ចាំចម្លើយពីភាគីរុស្ស៊ីចំពោះសំណើរមនុស្សធម៌ស្តីពីការជម្លៀសមនុស្ស និងដឹកជញ្ជូនទំនិញជួយឧបត្ថម្ភដល់ទីកន្លែងដែលត្រូវការ។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ Guterres បាននិយាយថា លោកបានចាត់បញ្ជូនអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ លោកMartin Griffiths ទៅកាន់ទីក្រុងម៉ូស្គូនិងទីក្រុងគៀវកាលពីដើមខែ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាគីទាំងពីរ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់អនុញ្ញាតឱ្យពលរដ្ឋចាកចេញពីតំបន់ប្រយុទ្ធដូចជាទីក្រុងMariupol ប៉ុន្តែកិច្ចព្រមព្រៀងទំនងជាមិនអាចសម្រេចបានឡើយ។

លើសពីនេះទៅទៀត ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ផ្តល់ជំនួយហិរញ្ញវត្ថុយ៉ាងឆាប់រហ័សដល់ប្រទេសក្រីក្រដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារឥទ្ធិពលនៃជម្លោះនៅអ៊ុយក្រែន។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានព្រមានពីស្ថានការណ៍តម្លៃឡើងខ្ពស់អាចបណ្តាលឱ្យមានអស្ថិរភាពនយោបាយ និងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ