អគ្គលេខាធិការអង្គការសហប្រជាជាតិអបអរសាទរលោកប្រធានរដ្ឋ To Lam

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។

អគ្គលេខាធិការអង្គការសហប្រជាជាតិអបអរសាទរលោកប្រធានរដ្ឋ To Lam - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ Pham Huan/VOV-Washington)

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ Guterres បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកឧត្តមសេនីយ៍ To Lam ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ លោកអគ្គលេខាធិការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលវៀតណាម និងរូបលោកប្រធានរដ្ឋ To Lam ផ្ទាល់ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ លោកអគ្គលេខាធិការ Antonio Guterres បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តជាដៃគូដែលអាចជឿទុកចិត្តបាន រួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ជាតិ។

លោកអគ្គលេខាធិការបានសម្តែងនូវគោលបំណងចង់ជួបជាមួយលោកប្រធានរដ្ឋ To Lam ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អប្រសើររវាង អង្គការសហប្រជាជាតិនិងវៀតណាម។ លោក Guterres ជាពិសេស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏ឆ្នើមរបស់វៀតណាម ក៏ដូចជាការរួមចំណែកជាវិជ្ជមានរបស់ខ្លួននាពេលថ្មីៗនេះ ក្នុងការដោះស្រាយបញ្ហាសកលនៅបណ្តាវេទិការបស់អង្គការសហប្រជាជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ