អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែកញ្ញា ពីទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ VOV) |
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកលើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីភាគីទាំងពីរបានដំឡើងនូវទំនាក់ទំនង ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២; សង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកូរ៉េខាងត្បូង។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាព ពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តខាងនយោបាយ តាមរយៈការរក្សាទំនាក់ទំនងនិងការផ្លាស់ប្តូរកម្រិតខ្ពស់នៅទូទាំងបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលកាន់តែសំខាន់មានប្រសិទ្ធភាព មានតុល្យភាពនិងនិរន្តរភាព។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានទទួលស្វាគមន៍ចំពោះធុរកិច្ចកូរ៉េខាងត្បូង ចូលរួមគម្រោងវិនិយោគធំៗនៅវៀតណាម។ ភាគីទាំងពីរបានឯកភាពនឹងធ្វើការរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងបង្កើនការនាំចូលផលិតផលកសិកម្មរបស់វៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ វប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; យកចិត្តទុកដាក់និងគាំទ្រដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសនីមួយៗ៕