អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានកូរ៉េខាងជើង លោក Kim Jong – un
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានបក្ស ពលកម្មកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong – un បានធ្វើទស្សនកិច្ចជាផ្លូវការវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍លោកប្រធាន Kim Jong - un |
នារសៀលថ្ងៃទី១ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចលោកប្រធានកូរ៉េខាងជើង Kim Jong – un ត្រូវបានអនុវត្តតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃពិធីទទួលស្វាគមន៍នេះ។ បន្ទាប់ពីពិធីទទួលមក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកប្រធានកូរ៉េខាងជើង Kim Jong – un បានធ្វើកិច្ចពិភាក្សានៅវិមានប្រធានរដ្ឋ។
តាងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់លោកប្រធាន Kim Jong – un ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក Kim Jong –un ជាការគូសសញ្ញាសំខាន់ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ជាឱកាសដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផ្តល់ព័ត៌មានទៅវិញទៅមក អំពីស្ថានភាពនៃប្រទេសនិមួយៗ ដើម្បីពិភាក្សាអំពីការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកូរ៉េខាងជើងសម្រេចបានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សពលកម្មកូរ៉េខាងជើង ដែលលោកប្រធាន Kim Jong – un ជាប្រមុខប្រជាជនកូរ៉េខាងជើងនឹងបន្តទទួលបានសមិទ្ធផលថ្មីដ៏អស្ចារ្យថែមទៀតក្នុងបុព្វហេតុកសាងសង្គមនិយម អភិវឌ្ឍប្រទេសជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕