អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយស ហូជីមិញដល់អគ្គស្នងការបច្ចេកទេស ក្រសួងការពារប្រទេស
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គស្នងការបច្ចេកទេស ក្រសួងការពារ ប្រទេសវៀតណាម បានប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ ទិវាប្រពៃណី (១០ កញ្ញា ១៩៧៤ - ១០ កញ្ញា ២០២៤) និងទទួលគ្រឿងឥស្សរិយយសហូជីមិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួមពិធី។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនអគ្គស្នងការបច្ចេកទេស ក្រសួងការពារប្រទេស។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានកោតសរសើរចំពោះយុទ្ធជ័យ ស្នាដៃឆ្នើម និងការរួមចំណែកដ៏ធំធេងរបស់អគ្គស្នងការបច្ចេកទេស ក្រសួងការពារ ប្រទេស ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិក្នុងរយៈពេល ៥០ឆ្នាំកន្លងមក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានលើកច្បាស់ថា ក្នុងយុគសម័យថ្មី ផ្នែក បច្ចេកទេសយោធាត្រូវតែត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យា ហើយចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពនានាក្នុង និងក្រៅ កងទ័ព ជំរុញខ្លាំងនូវការស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធា ឲ្យសមស្របនឹងលក្ខខណ្ឌជាក់លាក់របស់វៀតណាម; ត្រៀមខ្លួនជាស្រេចដើម្បីទទួលការផ្ទេរ បច្ចេកវិទ្យាជាមួយដៃគូបរទេស សំដៅបង្កើតរបកគំហើញថ្មីក្នុងការងារបច្ចេកទេសយោធា ព្រមទាំងបម្រើភារកិច្ចឧស្សាហូបនីយកម្មប្រទេសជាតិផងដែរ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យបង្កើនការផ្លាស់ប្ដូរថ្មី លើកកំពស់ គុណភាពការងារកសាងជួរបុគ្គលិក យុទ្ធជន ឲ្យមានឫទ្ធានុភាពនយោបាយដ៏រឹងមាំ មិនខ្លាចទុក្ខលំបាក ត្រៀមខ្លួនទទួល និងបំពេញបេសកកម្មប្រកបដោយជោគជ័យ៕