អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយលេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនរដ្ឋធានីវៀងច័ន្ទ
(VOVWORLD) - នាថ្ងៃទី ១០ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Anouphap Tounalom លេខា មជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជននៃរដ្ឋធានីវៀងច័ន្ទ ដែលលោកកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលជួបជាមួយ លោក Anouphap Tounalom លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជននៃរដ្ឋធានីវៀងចន្ទន៍ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចក្នុងអំឡុងឆ្នាំមិត្តភាពនិងសាមគ្គីភាពវៀតណាម - ឡាវ ឆ្នាំ ២០២២ និងការដែលភាគីទាំងពីរទើបបានសម្របសម្រួលរៀបចំប្រកបដោយជោគជ័យ នូវខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ នៅរដ្ឋធានីនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋធានីនៃប្រទេសទាំងពីរ រួមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងបក្ស កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការជួយឧបត្ថម្ភក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយបណ្តុះបណ្តាលប្រភពធនធានមនុស្ស ចែករំលែក ក៏ដូចជាការផ្តល់ជំនួយបន្ទាន់ក្នុងកិច្ចការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងបង្ហាញគោលបំណង ចង់ឲ្យរដ្ឋធានីវៀងចន្ទន៍នឹងបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីហាណូយ និងខេត្ត ក្រុងនានារបស់វៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍យ៉ាងទូលំទូលាយលើវិស័យផ្សេងៗ ហើយរដ្ឋធានីទាំងពីរត្រូវមានការប្រឡងប្រណាំងក្នុងការអនុវត្តប្រកបដោយជោគ ជ័យនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃបក្សនីមួយៗ។
អញ្ជើញជាការឆ្លើយតប លោក Anouphap Tounalom បានពាំនាំនូវការសួរសុខទុក្ខស្និទ្ធស្នាលរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Thoonglun Sisulit ជូនចំពោះអគ្គលេខាបក្សលោក Nguyen Phu Trong; ហើយសម្តែងជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាងនេះជាក់ជាពុំខាន៕