អង្គការទេសន្តរប្រវេសន៍អន្តរជាតិត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
(VOVWORLD) - វៀតណាមគាំទ្រ និងសន្យាជំរុញកិច្ចសហប្រតិបត្តិការជាមួយ IOM ក្នុងការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីទេសន្តរប្រវេសន៍(GCM); ក្រសួង ស្ថាប័ន វៀតណាម តែងតែផ្តល់អាទិភាព យកចិត្តទុកដាក់ និងសហការ ដើម្បីធានាវិធីអភិក្រមអន្តរផ្នែកក្នុងការដោះស្រាយរាល់បញ្ហាស្ដីពីទេសន្តរប្រវេសន៍។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (រូបថត៖ VNA) |
នាថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ (ស្វីស) លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានាប្រចាំទីក្រុងហ្សឺណែវ បានអញ្ជើញជួបធ្វើការជាមួយលោកស្រី Amy Pope អគ្គនាយិកាថ្មីនៃ អង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ។
នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអបអរសាទរលោកស្រី Amy Pope ដែលបានកាន់មុខតំណែងដ៏សំខាន់នេះ ហើយជាអគ្គនាយិកាដើមដំបូងរបស់ IOM ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០៣០។ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីថា វៀតណាមគាំទ្រ និងសន្យាជំរុញកិច្ចសហប្រតិបត្តិការជាមួយ IOM ក្នុងការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីទេសន្តរប្រវេសន៍(GCM); ក្រសួង ស្ថាប័ន វៀតណាម តែងតែផ្តល់អាទិភាព យកចិត្តទុកដាក់ និងសហការ ដើម្បីធានាវិធីអភិក្រមអន្តរផ្នែកក្នុងការដោះស្រាយរាល់បញ្ហាស្ដីពីទេសន្តរប្រវេសន៍។
អគ្គនាយិកា IOM លោកស្រី Amy Pope បានអះអាងថា អង្គការ ទេសន្តរប្រវេសន៍អន្តរជាតិបានត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ IOM និងវៀតណាមមានសក្ដានុពលជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅទាំងយន្តការអន្តរជាតិ ជាពិសេសគឺលើវិស័យពលករទេសន្តរប្រវេសន៍ភ្ជាប់ការដោះស្រាយបញ្ហាប្រឈមទេសន្តរប្រវេសន៍ជាមួយការអនុវត្តគោលដៅអភិវឌ្ឍន៍ បង្កើនសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕