អង្គការសុខភាពពិភពលោក (WHO) ព្រមានសហរដ្ឋអាមេរិកថាមានហានិភ័យក្លាយទៅជាចំណុចកណ្តាលថ្មីនៃការផ្ទុះជម្ងឺរាតត្បាត COVID-19
(VOVWORLD) - តួលេខថ្មីៗបំផុតគិតត្រឹមដល់ថ្ងៃទី ២៥ ខែមីនា ចំនួនករណីឆ្លងជំងឺ COVID-19 នៅលើពិភពលោកបានកើនឡើងដល់ជាង ៤២១.០០០ នាក់ ដោយមានអ្នកស្លាប់ជាង ១៨.៨០០ នាក់នៅប្រទេសនិងដែនដីចំនួន ១៩៧ ។
អង្គការសុខភាពពិភពលោក (WHO) ព្រមានសហរដ្ឋអាមេរិកថាមានហានិភ័យក្លាយទៅជាចំណុចកណ្តាលថ្មីនៃការផ្ទុះជម្ងឺរាតត្បាត COVID-19 (រូបថត៖ THX/TTXVN) |
នាថ្ងៃទី ២៤ ខែមីនា សហរដ្ឋអាមេរិកបានកត់ត្រាមានអ្នកឆ្លងជំងឺ COVID-19 លើសពី ៥ ម៉ឺននាក់ និងជិត ៧០០ នាក់ត្រូវបានស្លាប់ផងដែរ។ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថាដោយស្ថានភាពករណីឆ្លងជម្ងឺកាន់តែកើនឡើងដូចនាបច្ចុប្បន្ននេះ ប្រទេសអាមេរិកមានហានិភ័យក្លាយទៅជាចំណុចកណ្តាលថ្មីនៃការផ្ទុះជម្ងឺ COVID-19 នៅលើពិភពលោក។
ទន្ទឹមនឹងនេះ នៅទ្វីបអឺរ៉ុប កាលពីថ្ងៃទី ២៤ ខែមីនា ការរីករាលដាលនៃជម្ងឺ COVID-19 បន្តវិវឌ្ឍន៍ដ៏ស្មុគស្មាញ ដោយមានករណីអ្នកឆ្លងនិងអ្នកស្លាប់បានកើនឡើងខ្ពស់ផងដែរ។ ប្រទេសអេស្ប៉ាញ បានកត់ត្រាថាមានអ្នកស្លាប់ចំនួន ៥១៤ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះឡើងដល់ជិត ២.៧០០ នាក់។ រីឯនៅប្រទេសអ៊ីតាលីវិញ គិតត្រឹមដល់ថ្ងៃទី ២៤ ខែមីនា ប្រទេសនេះមានករណីឆ្លងវីរុស SARS-CoV-2 ជិត ៧ ម៉ឺនករណី។ ប៉ុន្តែប្រធានទីភ្នាក់ងារបង្ការស៊ីវិលអ៊ីតាលីបានឲ្យដឹងថា ចំនួនអ្នកឆ្លងជម្ងឺជាក់ស្តែងនៅប្រទេសនេះ អាចមានចំនួនខ្ពស់ជាង ១០ ដងបើប្រៀបធៀបនឹងតួលេខដែលបានប្រកាសផងដែរ។
រីឯនៅអាស៊ីអាគ្នេយ៍ នាថ្ងៃទី ២៤ ខែមីនា ក្រសួងសុខាភិបាលប្រទេសឡាវបានប្រកាសថាមានអ្នកឆ្លងជម្ងឺ COVID-19 ចំនួន ២ នាក់ដំបូង។ ដូច្នេះប្រទេសឡាវគឺជាប្រទេសចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបញ្ជាក់ពីករណីឆ្លងជម្ងឺរាតត្បាត COVID-19 ។ ទន្ទឹមនឹងនេះដែរ នាបច្ចុប្បន្ន ប្រទេសកម្ពុជាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៩១ ករណី ដែលត្រូវបានកំណត់ថាជាពលចិន អង់គ្លេស បារាំង កាណាដា ប៊ែលហ្សិក ម៉ាឡេស៊ី និងកម្ពុជា ដែលក្នុងនោះមាន ៦ ករណីមិនចាំបាច់ដាក់ឲ្យនៅដាច់ដោយឡែកទៀតឡើយ៕