អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវផលវិបាកបណ្តាលពីទឹកជំនន់នៅលីប៊ី

(VOVWORLD) - បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ី លោក Abdoulaye Bathily នៅថ្ងៃទី ១៧ ខែកញ្ញា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងឆាប់រហ័ស សម្របសម្រួល និងបង្រួបបង្រួម ដើម្បីជំនះពុះពារផលវិបាកបណ្តាលពីគ្រោះមហន្តរាយទឹកជំនន់ដែលបានកើតឡើងនៅភាគខាងកើតប្រទេសលីប៊ីកាលពីសប្តាហ៍មុន។

យោងតាមអត្ថបទមួយដែលបានបង្ហោះនៅលើទំព័រ X (Twitter) លោក Abdoulaye Bathily បានលើកឡើងមតិក្នុងអំឡុងពេលជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi នៅរដ្ឋធានីទ្រីប៉ូលី។ នៅក្នុងជំនួបនេះ លោក Abdoulaye Bathily ក្នុងនាមអង្គការសហប្រជាជាតិ បានសម្តែងការរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនលីប៊ី បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបានបោកបក់ពេញទីក្រុង Derna និងតំបន់ជាច្រើនទៀត បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងមនុស្ស និងទ្រព្យសម្បត្តិ។ នៅលើគេហរទំព័រ X មន្ត្រីអង្គការសហប្រជាជាតិរូបនេះបាននិយាយថា លោកបានលើកឡើងពីតម្រូវការសម្រាប់តម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ធនធានសង្គ្រោះក្នុងអំឡុងពេលដំណើរការស្តារ និងកសាងឡើងវិញ ហើយបានស្នើឱ្យបង្កើតយន្តការដ៏ទូលំទូលាយមួយ ដើម្បីត្រួតពិនិត្យសកម្មភាពទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ