អង្គការសហប្រជាជាតិតែងតែប្រកៀកស្មាជាមួយវៀតណាមក្នុងសកម្មភាពជាច្រើន
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ការរួមវិភាគទានដ៏ថ្លៃថ្លានិងការជួយឧបត្ថម្ភជាក់ស្ដែងពីស្ថាប័ននានារបស់អ.ស.ប ក្នុងនោះមានរូបលោក Kamal Malhotra ផ្ទាល់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មរបស់វៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
លោក Kamal Malhotra។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី១២ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិប្រចាំវៀតណាម ដែលមកសម្ដែងការគួរសមនិងជម្រាបលានៅពេលលោកបញ្ចប់អាណត្តិការងារ។
នៅជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ការរួមវិភាគទានដ៏ថ្លៃថ្លានិងការជួយឧបត្ថម្ភជាក់ស្ដែងពីស្ថាប័ននានារបស់អ.ស.ប ក្នុងនោះមានរូបលោក Kamal Malhotra ផ្ទាល់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មរបស់វៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ អ.ស.បនាពេលខាងមុខបន្តមានការពិគ្រោះយោបល់គោលនយោបាយដោយទាន់ពេលវេលា ហើយ ជួយគាំទ្រខាងហិរញ្ញវត្ថុនិងបច្ចេកទេសដល់វៀតណាម ក្នុងនោះផ្ដល់អាទិភាពដល់ការជួយ វៀតណាមផ្ទេរប្ដូរគំរូកំណើនតាមទិសទាញយកកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។
រីឯខ្លួនវិញ លោក Kamal Malhotra បានវាយតម្លៃថា វៀតណាមកំពុងមានតួនាទីនិងសម្លេងកាន់តែសំខាន់នៅអ.ស.បអាស្រ័យដោយការចូលរួមវិភាគទានដោយម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវទៅក្នុងកិច្ចការរួមរបស់សហគមន៍អន្តរជាតិ។ លោក Kamal Malhotra សន្យាថា ស្ថាប័ននានារបស់អ.ស.បនឹងបន្តជួយគាំទ្រ រួមដំណើរជាមួយវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយលោក Kamal Malhotra។ |
នារសៀលថ្ងៃដដែល នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Kamal Malhotra ផងដែរ។ លោកប្រធានរដ្ឋសភាមានបំណងថា អ.ស.បបន្តជួយគាំទ្រវៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ក៏ដូចជាការស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។
ជាការឆ្លើយតប អ្នកសម្របសម្រួលអ.ស.បលោក Kamal Malhotra បានបញ្ជាក់ថា អ.ស.បតែងតែរួមដំណើរជាមួយវៀតណាមក្នុងសកម្មភាពសំខាន់ៗជាច្រើន ក៏ដូចជាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់និងពិភពលោកផងដែរ៕