អង្គការសហប្រជាជាតិនិងរុស្ស៊ីនឹងជួបពិភាក្សាអំពីការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

(VOVWORLD) - នាថ្ងៃទី ៨ ខែមីនា អង្គការសហប្រជាជាតិបានប្រកាសថា អគ្គលេខាធិការនៃ សន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) លោកស្រី Rebeca Grynspan នឹងជួបជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងហ្សឺណែវ (ស្វីស) នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅ។

អង្គការសហប្រជាជាតិនិងរុស្ស៊ីនឹងជួបពិភាក្សាអំពីការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bosphorus ដើម្បីចូលសមុទ្រ Marmara នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
(រូបថត៖ AFP/VNA)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានសង្កត់ធ្ងន់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងខិតខំដើម្បីលុបបំបាត់ឧបសគ្គចំពោះការនាំចេញជីរបស់រុស្ស៊ី។ នេះជាបញ្ហាដែលរុស្ស៊ីតែងតែតម្រូវឲ្យផ្តល់អាទិភាពដើម្បីអនុម័តលើការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានរុស្ស៊ីនិងអ៊ុយក្រែនចុះហត្ថលេខាដោយឡែកពីគ្នា ជាមួយអង្គការសហប្រជាជាតិ និងទួរគីក្នុងខែកក្កដា ឆ្នាំ ២០២២ នៅ ទីក្រុងអ៊ីស្តង់ប៊ុល ក្នុងបំណងជួយបន្តការផ្គត់ផ្គង់ស្បៀងអាហារ និងជីពីប្រទេសទាំងពីរ នេះទៅកាន់ទីផ្សារសកល។ កិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេលរយៈពេល ១២០ ថ្ងៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ហើយនឹងផុតកំណត់នៅថ្ងៃទី ១៨ ខែមីនា ខាងមុខ។ នាពេលថ្មីៗនេះ រុស្ស៊ីមិនពេញចិត្តចំពោះខ្លឹមសារមួយចំនួននៃកិច្ចព្រមព្រៀងនេះ ហើយ បានតម្រូវឲ្យដកទណ្ឌកម្មដែលប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មរបស់ខ្លួន។
ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៨ មីនា នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន អគ្គលេខា ធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យពន្យាពេលគំនិតផ្តួចផ្តើមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ