អង្គការសហប្រជាជាតិពិពណ៌នាការរញ្ជួយដីនៅទួរគីនិងស៊ីរីជា "ព្រឹត្តិការណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ ឆ្នាំ" កន្លងមក
(VOVWORLD) - ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅខេត្ត Kahramanmaras ប្រទេសទួរគី កាលពីថ្ងៃទី ១១ ខែកុម្ភៈ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths បានពិពណ៌នាការរញ្ជួយដីដ៏គួរឱ្យភ័យខ្លាច ដែលបានកើតឡើងនៅថ្ងៃទី ៦ កុម្ភៈ នៅភាគខាងត្បូងប្រទេសទួរគី និងភាគពាយ័ព្យនៃប្រទេសស៊ីរី គឺជា “ព្រឹត្តិការណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនៅតំបន់នេះ”។
លោក Griffiths បានវាយតម្លៃថា ការឆ្លើយតបរបស់ប្រទេសទួរគីចំពោះគ្រោះមហន្តរាយនេះគឺ "វិសាមញ្ញ" ព្រមទាំងសម្តែងក្តីសង្ឃឹមថា ជំនួយនៅប្រទេសស៊ីរីនឹងទៅដល់ទាំងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងភាគីប្រឆាំងផងដែរ។
នាថ្ងៃដដែល អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានទៅកាន់ទីក្រុង Aleppo ប្រទេសស៊ីរី ដែលរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី ដើម្បីបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យ និងទីជម្រកមួយចំនួនរបស់ប្រជាជន។ ជើងហោះហើររបស់ប្រមុខ WHO ទៅកាន់ប្រទេសស៊ីរី ក៏បានដឹកសម្ភារបរិក្ខារពេទ្យសង្គ្រោះបន្ទាន់ចំនួន ៣៧ តោនផងដែរ។ នេះជាកញ្ចប់ជំនួយដំបូងរបស់ WHO។ លោក Tedros បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកនឹងបន្តផ្តល់សេវានិងសម្ភារបរិក្ខារពេទ្យសង្គ្រោះបន្ទាន់ដើម្បីព្យាបាលជនរងគ្រោះដែលរងរបួសនៅក្នុងការរញ្ជួយដីនេះ។
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ម៉ោង UTC ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅទួរគីនិងស៊ីរីបានលើសពី ២៨ ពាន់នាក់៕