អង់គ្លេស ប្រកាសពេលវេលាដែលលោក R.Sunak ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជាផ្លូវការ
(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា លោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនៅថ្ងៃទី ២៥ ខែតុលា (ម៉ោងក្នុងស្រុក) បន្ទាប់ពីបានអញ្ជើញចូលគាល់ ស្ដេច Charles ទី៣ នាព្រឹកថ្ងៃដដែល។ បន្ទាប់មក លោក Rishi Sunak បានថ្លែងសុន្ទរកថានៅផ្ទះលេខ ១០ វិថី Downing (ខុទ្ទកាល័យនាយករដ្ឋមន្ត្រី)។
លោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនៅថ្ងៃទី ២៥ ខែតុលា (ម៉ោងក្នុងតំបន់)។ (រូបថត៖ AFP/TTXVN) |
នាថ្ងៃដដែល ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានផ្ញើសារអបអរសាទរជូនចំពោះលោក Rishi Sunak ដែលបានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ហើយបានសង្កត់ធ្ងន់ថា “ស្ថិរភាព” ជាប្រការចាំបាច់សម្រាប់ទីក្រុងព្រុចសែល និងទីក្រុងឡុងដ៍ ឆ្លើយតបនឹងបញ្ហាសាកល្បងរួម។ ចែករំលែកនៅលើបណ្តាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអះអាងថា៖ កិច្ចសហប្រតិបត្តិការរួម គឺជាវិធីតែមួយគត់ដើម្បីភាគីទាំងពីរឆ្លើយតបនឹងបញ្ហាប្រឈមរួម ហើយស្ថិរភាពគឺជា “គន្លឹះ” ដើម្បីជំនះពុះពារលើបញ្ហាទាំងនេះ។
ទន្ទឹមនឹងនោះ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទាក់ទងជាមួយលោក Sunak នាប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីអបអរសាទរនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអបអរសាទរចំពោះលោក Sunak និងមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំអង់គ្លេស ក្នុងបញ្ហាសកល និងការអនុវត្តផែនទីបង្ហាញផ្លូវសហប្រតិបត្តិការរហូតដល់ឆ្នាំ ២០៣០៕