អង់គ្លេសព្រមានថា ខ្លួនត្រៀមធ្វើអន្តរាគមន៍ផ្នែកយោធា ដើម្បីទប់ស្កាត់ការវាយប្រហារនៅសមុទ្រក្រហម
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps នៅថ្ងៃទី ១ ខែមករាបានឲ្យដឹង ថា ប្រទេសនេះ "ត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការដោយផ្ទាល់" ប្រឆាំងនឹងក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ដែលបានវាយប្រហារម្តងហើយម្តងទៀតលើនាវានៅសមុទ្រក្រហម។
លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិអង់គ្លេស (រូបថត៖ AFP/TTXVN) |
ការព្រមានរបស់ទីក្រុងឡុងដ៍ត្រូវបាននាំចេញ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើខ្សែផ្លូវដឹកជញ្ជូនដ៏សំខាន់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកអាមេរិកកាលពីថ្ងៃទី ៣១ ខែធ្នូ បានបាញ់ពន្លិចទូកបីរបស់ពួកឧទ្ទាម Houthi ដែលព្យាយាមឡើងលើកប៉ាល់ដឹកទំនិញ។ មុននោះ នៅពាក់កណ្តាលខែធ្នូ នាវាពិឃាតអង់គ្លេសបានបាញ់ទម្លាក់យន្តហោះដ្រូនដែលសង្ស័យថា ជារបស់ក្រុម Houthi វាយប្រហារនៅសមុទ្រក្រហម។
ទន្ទឹមនឹងនេះ កាសែត Telegraph បានឲ្យដឹងថា ចក្រភពអង់គ្លេសកំពុងរៀបចំផែនការវាយប្រហារយោធាដ៏មានសក្តានុពលប្រឆាំងនឹងក្រុម Houthis ជាមួយសហរដ្ឋអាមេរិក ហើយបានចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹងការព្រមានចុងក្រោយដល់ក្រុមឧទ្ទាមមូស្លីម ដើម្បីបញ្ឈប់ការវាយប្រហារបន្ថែមទៀតពីសំណាក់ក្រុមនេះ។
ក្រុមឧទ្ទាម Houthi បានដណ្តើមកាន់កាប់រដ្ឋធានី Sanaa របស់ប្រទេសយេម៉ែនក្នុងឆ្នាំ ២០១៤ និងគ្រប់គ្រងប្រទេសភាគធំរួមទាំងឆ្នេរសមុទ្រក្រហមផងដែរ។ ដោយអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាសនៅហ្គាហ្សា ក្រុម Houthi បានបន្តវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចសំដៅលើនាវាដែលឆ្លងកាត់ផ្លូវសមុទ្រដែលការដោះដូរពាណិជ្ជកម្មសកលចំនួន ១២% ត្រូវធ្វើដំណើរឆ្លងកាត់៕