អង់គ្លេសមានផែនការរៀបចំសន្និសីទដំបូងបង្អស់នៅលើពិភពលោកស្តីពី AI
(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែសីហា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា នឹងរៀបចំកិច្ចប្រជុំកំពូលសកលស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងខែវិច្ឆិកាខាងមុខ។
នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១-២ ខែវិច្ឆិកា នៅ Bletchley Park ក្នុងទីក្រុង Milton Keynes ។ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា មន្ត្រីរដ្ឋាភិបាល និងអ្នកប្រាជជាច្រើននឹងជួបប្រជុំគ្នាដើម្បីពិនិត្យឡើងវិញនូវហានិភ័យដែលបង្កឡើងដោយ AI និងពិភាក្សាអំពីរបៀបកាត់បន្ថយហានិភ័យទាំងនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសគឺជាកន្លែងដ៏ល្អបំផុត ដើម្បីធ្វើជាម្ចាស់ផ្ទះនៃសន្និសីទដំបូងបង្អស់នៅលើពិភពលោកស្តីពីសុវត្ថិភាព AI ដោយសារតែប្រទេសនេះ គឺជាកន្លែងសម្រាប់អភិវឌ្ឍបច្ចេកវិទ្យាកំណត់អនាគតជាច្រើន។ សន្និសីទនេះត្រូវបានគ្រោងទុកក្នុងបរិបទដែលបណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាលំបាកនៃរបៀបគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើងពី AI ដោយមិនរារាំងការច្នៃប្រឌិត។ កាលពីខែឧសភា មេដឹកនាំនៃក្រុមប្រទេសឧស្សាកម្មអភិវឌ្ឍន៍(G7) បានអំពាវនាវឱ្យប្រទេសនានាអនុម័តលើស្តង់ដារពិភពលោក ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI ប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ហើយបានឯកភាពបង្កើតវេទិការសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI ដែលជាវេទិកាថ្នាក់រដ្ឋមន្ត្រីដើម្បីពិភាក្សាអំពី AI ៕