អង់គ្លេសអំពាវនាវឱ្យ G7 ធ្វើកំណែទម្រង់ WTO
(VOVWORLD) - ការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាប្រធានបទមួយដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេសក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែឧសភា។
រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសលោកស្រី Liz Truss (រូបថត៖ TTXVN) |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដែលកាន់តំណែងជាប្រធាន G7 នៅឆ្នាំនេះបានប្រាប់ឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំនេះទីក្រុងឡុងដ៍បានជំរុញយន្តការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព លើបញ្ហា ជួយឧបត្ថម្ភដោយអយុត្តិធម៌ដល់ផ្នែកឧស្សាហកម្មនិងកសិកម្មបៃតង ព្រមទាំងធ្វើទំនើបកម្មរាល់បទបញ្ញត្តិរបស់ WTO ក៏ដូចជាជំរុញពាណិជ្ជកម្មបៃតងផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសលោកស្រី Liz Truss បានអំពាវនាវដល់បណ្តាប្រទេស G7 ឲ្យ គាំទ្រការធ្វើកំណែទម្រង់ WTO ព្រមទាំងព្រមានពីហានិភ័យ ដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកត្រូវដួលរលំ បើសិនជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់មិនទទួលបានវឌ្ឍនភាពយ៉ងពិតប្រាកដ។ លោកស្រីក៏បានដាស់តឿន G7 គាំទ្រដល់អគ្គនាយកថ្មីរបស់ WTO គឺលោកបណ្ឌិត Ngozi Okonjo-Iweala ក្នុងបរិបទដែលលោកកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានរាល់វឌ្ឍនភាពក្នុងការធ្វើកំណែទម្រង់ ក៏ដូចជាដាក់ចេញក្របខ័ណ្ឌសកម្មភាពថ្មី នៅមុនកិច្ចប្រជុំរដ្ឋមន្រ្តី WTO លើកទី ១២ (MC-១២) នៅខែវិច្ឆិកាខាងមុខផងដែរ៕