អាជីវករវៀតណាមអភិវឌ្ឍន៍ជាមួយប្រទេសជាតិ

(VOVWORLD) - ថ្ងៃទី១៣ ខែតុលា ជាទិវាអាជីវករវៀតណាម។ ក្នុងអំឡុងពេលជាង៤០ឆ្នាំ ចាប់តាំងពីការបង្រួបបង្រួមប្រទេសមក មជ្ឈដ្ឋានអាជីវករវៀតណាមមានការ អភិវឌ្ឍជាច្រើន។ ការដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលសម្រេចជ្រើសរើសថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំជាទិវាអាជីវករវៀតណាមនោះ បានអះអាងនូវទស្សនៈ របស់រដ្ឋាភិបាលចំពោះតួនាទីរបស់អាជីវករនិងសហគ្រាសក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចជាតិ។

   ស្វាហាប់និងពោរពេញទៅដោយមហិច្ឆតា

        អាជីវករវៀតណាមសុទ្ធតែមានមហិច្ឆតាធ្វើជាអ្នកមានដូចគ្នា ដូច្នេះហើយពួកគេមានភាពសកម្មណាស់នាពេលឃើញឱកាសធ្វើអាជីវកម្មថ្មីៗ។ ពួកគេអាចបន្សាំខ្លួនយ៉ាងល្អប្រពៃទៅក្នុងបរិយាកាសធ្វើអាជីវកម្មដែលមានការប្រកួតប្រជែងហើយជានិច្ចកាលខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង។ រួមជាមួយការអភិវឌ្ឍនិងការធ្វើសមាហរណកម្មរបស់ប្រទេសជាតិទៅក្នុងខឿនសេដ្ឋកិច្ចសកលលោកនោះ តួនាទីរបស់អាជីវករវៀតណាមក៏កាន់តែបានបង្ហាញយ៉ាងច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ មានសហគ្រាសវៀតណាមមួយចំនួនដែលបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងប្រកបដោយជោគជ័យនាពេលថ្មីៗនេះ។ សហគ្រាសវៀតណាមទាំងនេះបានបង្កើតពាណិជ្ជសញ្ញាវៀតណាមដែលមានកិត្យានុភាពនៅលើទីផ្សារអន្តរជាតិ ហើយមានលទ្ធផលប្រកួតប្រជែងដោយស្មើភាពជាមួយសហគ្រាសបរទេស។

        នាពេលដែលខឿនសេដ្ឋកិច្ចវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជំរៅទៅក្នុងខឿនសេដ្ឋកិច្ចសកលលោកនោះ គឺអាជីវករវៀតណាមក៏ត្រូវប្រកួតប្រជែងកាន់តែកាចសាហាវជាមួយអាជីវករបរទេសនៅលើទីផ្សារក្នុងស្រុកតែម្ដង។ ដើម្បីយកឈ្នះនៅក្នុងការប្រកួតនេះ អាជីវករវៀតណាមបាននិងកំពុងកសាងគ្រឹះស្ថានខាងធនធានមនុស្ស ខាងបច្ចេកវិទ្យានិងខាងប្រព័ន្ធគ្រប់គ្រងដើម្បីសហគ្រាសអាចអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះបញ្ហានេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

        “សហគមន៍សហគ្រាសនិងអាជីវករវៀតណាមត្រូវបង្ហាញនូវឫទ្ធានុភាព ឆន្ទៈ និងសមត្ថភាពច្នៃប្រឌិតរបស់ជនជាតិវៀតណាម ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ផ្លាស់ប្ដូរថ្មី បង្កើនការអនុវត្តបច្ចេកវិទ្យានិងវិធីសាស្ត្រគ្រប់គ្រងដ៏ទំនើបៗ ធ្វើពិពិធកម្មផលិតផល សេវាកម្ម បង្កើនការងារផ្សព្វផ្សាយ លើកស្ទួយគុណភាព កិត្យានុភាពរបស់ទំនិញវៀតណាម ដើម្បីយកឈ្នះនៅលើទីផ្សារក្នុងស្រុកនិងឆ្ពោះទៅរកការជ្រៀតចូលកាន់តែស៊ីជំរៅទៅក្នុងទីផ្សារអន្តរជាតិ”។

        រដ្ឋាភិបាលរួមដំណើរជាមួយអាជីវករ

        ដោយមានគោលបំណងចង់បើកចេញយុគសម័យថ្មីដ៏សម្បូររុងរឿងសម្រាប់អាជីវករនិងប្រទេសជាតិ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucបានបង្ហាញការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ក្នុងការរួមដំណើរជាមួយសហគ្រាស។ រដ្ឋាភិបាលវៀតណាមបានផ្ទៀងស្ដាប់អាជីវករ កាត់បន្ថយការចាយវ៉ាយ អាជ្ញាប័ណ្ណតូចៗលើគ្រប់វិស័យនៅក្នុងរយៈពេល២ឆ្នាំកន្លងទៅ ដើម្បីបង្កភាពងាយស្រួលសម្រាប់ការអភិវឌ្ឍរបស់អាជីវករ។ រដ្ឋាភិបាលក៏បានកសាងនិងដាក់ឲ្យធ្វើសកម្មភាពនូវប្រព័ន្ធទទួលយកយោបល់មតិនិងញ្ញាតិ្តរបស់សហគ្រាស ក្រោមការប្រតិបត្តិដោយផ្ទាល់របស់រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល។ រដ្ឋាភិបាលក៏បានសំណូមពរឲ្យគណៈកម្មាធិការប្រជាជនខេត្តក្រុងក្រោមឱវាទមជ្ឈឹមត្រូវរៀបចំជំនួបប្រាស្រ័យជាមួយវិនិយោគិននិងអាជីវករយ៉ាងហោចណាស់២ឆ្នាំម្ដង។ រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្ដីសម្រេចចិត្ត សារាចរណ៍ និងពិធីសារជាច្រើនស្ដីពីការកែលំអបរិយាកាសធ្វើអាជីវកម្ម លើកស្ទួយសមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាសផងដែរ។ លោក Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖

        “សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបាននិងកំពុងសហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ពិសេសគឺជាមួយក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីជួយឲ្យសហគ្រាសក្នុងស្រុកអាចក្ដាប់ជាប់បាននូវឱកាសនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ទន្ទឹមនឹងនោះ តភ្ជាប់ជាមួយដៃគូនៅក្នុងនិងក្រៅប្រទេសដើម្បីផ្គត់ផ្គង់ដំណោះស្រាយប្របកដោយប្រសិទ្ធភាពសម្រាប់សហគមន៍សហគ្រាសផងដែរ”។

        ឆ្នាំ២០១៦ជាឆ្នាំដំបូងដែលបរិមាណសហគ្រាសដែលបានបង្កើតថ្មីនៅវៀតណាមបានហួសពីកម្រិត១សែនអង្គភាព។ ក្នុងឆ្នាំ២០១៧និងរយៈពេល៩ខែនៃឆ្នាំ២០១៨កន្លងមក បរិមាណនេះបន្តកើនឡើងជាបន្តបន្ទាប់។ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងរក្សានិន្នាការនេះ រហូតដល់ឆ្នាំ២០២០ ដើម្បីប្រទេសទាំងមូលមានសហគ្រាសប្រមាណ១លានអង្គភាព តាមនោះរក្សាការរួមចំណែករបស់មជ្ឈដ្ឋានអាជីវករទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ