អតីតប្រធានរដ្ឋសភាអាមេរិក លោក Kevin McCarthy នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀតឡើយ
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅយប់ថ្ងៃទី ៣ ខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន ប៉ុន្មានម៉ោងបន្ទាប់ពីក្លាយជាប្រធានសភាតំណាងរាស្រ្តអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រដែលត្រូវបានទម្លាក់ពីតំណែង លោក Kevin McCarthy បានប្រកាសថា លោកនឹងមិនឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតនៅសប្តាហ៍ខាងមុខឡើយ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវដល់សភាតំណាងរាស្រ្តអាមេរិក ឲ្យមានស្ថិរភាពក្នុងពេលឆាប់ៗ ដើម្បីជៀសវាងការរុញច្រានឆាកនយោបាយអាមេរិកធ្លាក់ចូលក្នុងភាពច្របូកច្របល់។
នៅក្នុងការបោះឆ្នោតរបស់សភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃទី ៣ ខែតុលា មានសំឡេងចំនួន ២១៦ បានគាំទ្រការដកតំណែងលោក Kevin McCarthy ខណៈដែលមានសំឡេងចំនួន ២១០ បានគាំទ្រឱ្យលោកបន្តកាន់តំណែង។ ជាមួយនឹងលទ្ធផលនេះ លោក Kevin McCarthy បានក្លាយជាប្រធានសភាតំណាងរាស្រ្តដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានដកចេញពីតំណែង។ លើសពីនេះទៅទៀត ដោយបានកាន់តំណែងរយៈពេល២៦៩ថ្ងៃ លោកគឺជាប្រធានសភាតំណាងរាស្រ្តដែលកាន់តំណែងរយៈពេលខ្លីបំផុតទីពីរក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីលោក Michael Kerr ដែលបានទទួលមរណភាពនៅឆ្នាំ ១៨៧៦ បន្ទាប់ពីកាន់តំណែងជាប្រធានសភាសហរដ្ឋអាមេរិករយៈពេល ២៥៧ថ្ងៃ។
លោក Kevin McCarthy នៅឯវិមានកាពីតូល បន្ទាប់ពីត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែងជាប្រធានសភាតំណាងរាស្រ្ត ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ Getty Images
|
ទោះជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីត្រូវបានដកចេញពីតំណែង អ្នកនយោបាយនៃគណបក្សសាធារណរដ្ឋបានបញ្ជាក់ថា លោកមិនសោកស្ដាយចំពោះអ្វីដែលលោកបានធ្វើនោះទេ៖ “ខ្ញុំមិនមានការសោកស្ដាយដែលបានក្រោកឈរឡើង ហើយជ្រើសរើសអភិបាលកិច្ចជាជាងការត្អូញត្អែ។ នោះជាទំនួលខុសត្រូវនិងជាការងាររបស់ខ្ញុំ។ ខ្ញុំមិនសោកស្តាយចំពោះការចរចានោះទេ។ អភិបាលកិច្ចមានន័យថាត្រូវសម្រុះសម្រួល ហើយខ្ញុំមិនមានការសោកស្ដាយចំពោះការព្យាយាមបង្កើតសម្ព័ន្ធភាព និងស្វែងរកដំណោះស្រាយនោះឡើយ”។
បន្ទាប់ពីលោក Kevin McCarthy ត្រូវបានទម្លាក់ចេញពីតំណែង សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ មកពីរដ្ឋ North Carolina លោក Patrick McHenry បានកាន់តំណែងជាប្រធានសភាស្តីទី រហូតដល់ពេលដែលបានបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្រ្តថ្មី។ នាយប់ថ្ងៃទី ៣ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអំពាវនាវឱ្យសភាតំណាងរាស្ត្រជ្រើសរើសប្រធានថ្មីឱ្យបានឆាប់ៗ ដើម្បីជៀសវាងការធ្វើឱ្យឆាកនយោបាយអាមេរិកធ្លាក់ចូលក្នុងភាពច្របូកច្របល់។ ក្នុងករណីដែលសភាតំណាងរាស្រ្តអាមេរិកមិនអាចជ្រើរើសអ្នកជំនួសលោក Kevin McCarthy នៅមុនថ្ងៃទី ១៧ ខែវិច្ឆិកា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងហានិភ័យនៃការបិទទ្វារម្តងទៀត ដោយសារតែគម្រោងច្បាប់ថវិកាបណ្តោះអាសន្ននឹងផុតថ្ងៃកំណត់៕