អតីតអគ្គលេខាបក្ស លោក Le Kha Phieu: មនុស្សដែលចូលរួមចំណែកក្នុងការកសាងទំនាក់ទំនងការទូតរវាងវៀតណាមនិងបណ្តាប្រទេស

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាម អំពីអតីតអគ្គលេខាបក្ស លោក Le Kha Phieu, អតីតប្រធានរដ្ឋ លោក Tran Duc Luong បានមានប្រសាសន៍ថា អតីតអគ្គលេខាបក្ស លោក Le Kha Phieu  គឺជាមនុស្សម្នាក់ដែលតែងតែធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីបុព្វហេតុរបស់បក្សនិងរបស់ប្រជាជន។
អតីតអគ្គលេខាបក្ស លោក Le Kha Phieu: មនុស្សដែលចូលរួមចំណែកក្នុងការកសាងទំនាក់ទំនងការទូតរវាងវៀតណាមនិងបណ្តាប្រទេស - ảnh 1 អតីតប្រធានរដ្ឋ លោក Tran Duc Luong

ថ្ងៃទី ១៤ និង ១៥ ខែសីហា ប្រទេស វៀតណាមបានធ្វើពិធីបុណ្យសព លោកអតីតអគ្គលេខាបក្ស Le Kha Phieu (លោកបានទទួលមរណភាពនៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០) តាមពិធីបុណ្យសពជាតិ។ នាឱកាសនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នក យកព័ត៌មាន នៃវិទ្យុសម្លេងវៀត ណាម អំពីអតីតអគ្គលេខាបក្ស លោក Le Kha Phieu, អតីតប្រធានរដ្ឋ លោក Tran Duc Luong បានមានប្រសាសន៍ថា អតីតអគ្គលេខាបក្ស លោក Le Kha Phieu  គឺជាមនុស្សម្នាក់ដែលតែងតែធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីបុព្វហេតុរបស់បក្សនិងរបស់ប្រជាជន។ អំឡុងពេលដែលលោក Le Kha Phieu កាន់ដំណែងជាប្រមុខបក្ស ក៏ជាដំណាក់កាលដែលបក្សនិងរដ្ឋវៀតណាមកំពុងអនុវត្តន៍កិច្ចចរចាយ៉ាងសកម្មជាមួយចិនស្តីពីការកំណត់ព្រំដែនគោកឡើងវិញ។ ក្នុងនាមជាប្រមុខបក្សនិងរដ្ឋទាំងពីរ កាលនោះថ្នាក់ដឹកនាំទាំងពីរ បានត្រៀមខ្លួនជាស្រេច ដើម្បី ធ្វើយ៉ាងម៉េចឲ្យកិច្ចព្រមព្រៀងស្តីពីព្រំដែនគោករវាងវៀតណាមនិងចិនត្រូវបានចុះហត្ថលេខានៅចុងឆ្នាំ ១៩៩៩។ អតីតប្រធានរដ្ឋ លោក Tran Duc Luong បានរំលឹកឡើងវិញថា៖ “ព្រំដែនត្រូវបានកំណត់តាំងពីសម័យបារាំងនិងរាជវង្ស Qīng cháo ដូច្នេះ មានចំណុចមិនច្បាស់ជាច្រើន ហើយតែងតែមានវិវាទតាមបណ្តោយព្រំដែនដែរ។ យ៉ាងណាមិញ បក្សនិងរដ្ឋវៀតណាមមានគោលការណ៍ថា បើចង់កសាងបរិយាកាសសន្តិភាព ស្ថិរភាពនិងយូរអង្វែង គឺត្រូវព្យាយាមចរចាយ៉ាងសកម្ម ដើម្បីកំណត់បង្គោលព្រំដែន និងប្រកាសជាផ្លូវការ។ ក្នុងនាមជាប្រធានរដ្ឋ គឺខ្ញុំមានការយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងនាមជាអគ្គលេខាបក្ស លោក Le Kha Phieu ក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ ហើយលោកតែងតែស្តាប់ក្រុមចរចាជម្រាបលំអិត ដើម្បីផ្តល់ជាយោបល់ រហូតដល់ទទួលបានកិច្ចព្រមព្រៀង។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនគោក រវាងប្រទេសទាំងពីរមក គឺស្ថានភាពព្រំដែនមានភាពរលូន បន្ទាប់មកភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែនផងដែរ។  តាំងពីពេលនោះមក លែងមានការបះទង្គិចគ្នាដូចមុនទៀតឡើយ”។

លើសមរភូមិការទូតវិញ មិនអាចមិនរំលឹកអំពីព្រឹត្តិការណ៍ដែល ប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ បានមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០០០។ នេះជាការគូសសញ្ញាសំខាន់ បន្ទាប់ពីប្រទេសទាំងពីរប្រក្រតីភាពនូវទំនាក់ទំនង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីលើកដំបូង នៅខែកក្កដាឆ្នាំ ២០០០។ ភាពជោគជ័យនៃព្រឹត្តិការណ៍នេះក៏មានសញ្ញាសម្គាល់របស់អតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែរ។ អតីតប្រធានរដ្ឋលោក Tran Duc Luong ចែករំលែកថា៖ “រយៈពេលដែលប្រធានាធិបតីអាមេរិក លោក Bill Clinton ធ្វើទស្សនកិច្ចនៅវៀតណាម ខ្ញុំត្រូវបានចាត់ឱ្យទទួលស្វាគមន៍លោក។  ខ្ញុំបានរៀបចំសេចក្តីថ្លែងសុន្ទរកថាស្វាគមន៍មួយ កាលនោះ ជាគោលការណ៍សម្រាប់បញ្ហាសំខាន់ៗបែបនេះ ត្រូវសូមមតិយោបល់ពីលោកអគ្គលេខាបក្ស Le Kha Phieu។  បន្ទាប់ពីស្តាប់ការជម្រាបរបស់ខ្ញុំ អគ្គលេខាបក្ស Le Kha Phieu បានឯកភាពភ្លាមៗ តាមស្មារតី នេះគឺជាពេលវេលាដែលត្រូវ “ទុកអតីតកាលមួយអន្លើរដើម្បីឆ្ពោះទៅអនាគត” ដោយឈរលើការគោរព ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ភាគីទាំងពីរទទួលបានផលប្រយោជន៍ដូចគ្នា។ ចាប់តាំងពីពេលនោះមក យើងមើលឃើញថា ព្រឹត្តិការណ៍នេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន ដល់បុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។

អតីតអគ្គលេខាបក្ស លោក Le Kha Phieu បានចូលរួមវិភាគទានយ៉ាងធំធេង ចំពោះបុព្វហេតុកសាងនិងការពារប្រទេសជាតិ ដែលក្នុងនោះការបញ្ជាណែនាំរបស់លោកក្នុងវិស័យកិច្ចការបរទេស បានចាក់គ្រឹះសំខាន់ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ