អ្នកជំនាញរុស្ស៊ី៖ ជោគជ័យរបស់វៀតណាមអាចត្រូវបានមើលឃើញថាជា“ បាតុភូត” នៃឆ្នាំ ២០២០
(VOVWORLD) - សាស្រ្តាចារ្យ លោក Vladimir Mazyrin ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន វិទ្យាស្ថានចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដោយវាយតម្លៃថា ជោគជ័យរបស់វៀត ណាមនៅឆ្នាំ ២០២០ អាចចាត់ទុកថាជា “បាតុភូត”។
នាថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ ជើងកាហ្វេដំបូងរបស់វៀតណាមត្រូវបាននាំចេញជាផ្លូវការទៅទីផ្សារ EUក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) (រូបថតៈTTXVN) |
នៅក្នុងបទសម្ភាសន៍ របស់ Sputnik សាស្រ្តាចារ្យ Mazyrin បានឲ្យដឹងថា៖ លទ្ធផលគឺវិជ្ជមាននៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចរួម។ នៅចុងឆ្នាំនេះ វៀតណាម ទទួលបានកំណើនវិជ្ជមាន ២,៩១%។ នេះគឺជាជោគជ័យដ៏ធំធេង ដែលពិតជានឹងជួយវៀតណាម ឱ្យឡើងឋានៈខ្ពស់ក្នុងតារាងរៀបចំណាត់ថ្នាក់ពិភពលោកទាំងអស់នាពេលខាងមុខ។ ហេតុដូច្នេះ លោកបានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមអាចត្រូវបានចាត់ទុកថាជា “បាតុភូត” ដែរ។
យោងតាមសាស្រ្តាចារ្យ Mazyrin សមិទ្ធិផលសេដ្ឋកិច្ចដែលវៀតណាមទទួលបានភាគច្រើនដោយសារតែវៀតណាមទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩ ។ យ៉ាងណាមិញ នៅវៀតណាមសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ត្រឹមតែក្នុងរយៈពេលខ្លីបំផុត ពោលគឺនៅត្រីមាសទី ២ នៃឆ្នាំ ២០២០ ដែលប្រទេសជាតិកំពុងផ្តោតការអនុវត្តវិធានការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ នៅក្នុងត្រីមាសទី ៣ សេដ្ឋកិច្ចបានកើនឡើង ២,៦៩% នៅក្នុងត្រីមាសទី ៤ កើនឡើង ៤,៤៨%។ តាមសន្ទុះនេះ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ សូចនាករនឹងកាន់តែខ្ពស់ជាងជាពុំខាន។ អ្នកជំនាញរុស្ស៊ីសន្និដ្ឋានថា៖ ក្នុងឆ្នាំ ២០២០ នៅវៀតណាមរាល់ការធ្លាក់ចុះមិនមែនជាលក្ខណៈអវិជ្ជមានទេ ហើយក៏មិនមែនជាលេខអវិជ្ជមានទេ។ ហេតុដូច្នេះ សន្ទស្សន៍កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២១ ត្រូវបានទាំងរដ្ឋាភិបាលនិងអង្គការរៀបចំណាត់ថ្នាក់ធំបំផុតលើពិភពលោកវាយតម្លៃក្នុងកម្រិត ៦ ដល់ ៧% ផងដែរ៕