អ្នកជំនាញរុស្ស៊ី៖ វៀតណាមស្វែងរកដោយម្ចាស់ការនូវដំណោះស្រាយចំពោះបញ្ហានានាក្នុងតំបន់
(VOVWORLD) - វៀតណាមបានបង្ហាញតួនាទីដោយម្ចាស់ការក្នុងអាស៊ានដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានាដែលអាស៊ានកំពុងប្រឈមនាបច្ចុប្បន្ន។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦តាមប្រព័ន្ធវីដេអូ។ |
នេះបើតាមការវាយតម្លៃរបស់លោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតខាងប្រវត្តិវិទ្យានៃសាកលវិទ្យាល័យ Saint Petersburg ចំពោះតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នាពេលកន្លងទៅ។
លោកសាស្ត្រាចារ្យ Kolotov បានចាត់ទុកថា ក្រោមការដឹកនាំរបស់វៀតណាម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ សម្រេចបាននូវលទ្ធផលសំខាន់ជាច្រើន ជាពិសេសគឺ “ការដាក់ចេញយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០២៥ ក្នុងនោះវៀតណាមបានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីភាពគឺជាកត្តាគន្លឹះក្នុងការកសាងសហគមន៍អាស៊ាន”។
តាមអ្នកជំនាញរុស្ស៊ីរូបនេះ បញ្ហាសំខាន់បំផុតនោះគឺរក្សាសន្តិសុខក្នុងតំបន់ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិបទនោះ ការដែលបញ្ហាសមុទ្រខាងកើតត្រូវបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ជាផ្លូវការរបស់ថ្នាក់ដឹកនាំអាស៊ាននោះ បានសរឲ្យឃើញនូវតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ លោកបានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរស្ដីពីការដោះស្រាយបញ្ហាសមុទ្រខាងកើតឲ្យបានស្របទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់៕