អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃទីផ្សារវៀតណាម

(VOVWORLD) - ជាមួយនឹងអត្រាកំណើនដ៏គួរឱ្យចាប់អារម្មណ៍គឺចំនួន ៥,៦៦% ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ចំពេលដែលបរិបទសេដ្ឋកិច្ចពិភពលោកនៅមានការលំបាកជាច្រើន  ប៉ុន្តែសេដ្ឋកិច្ចវៀតណាមកំពុងទទួលបានការវាយតម្លៃជាវិជ្ជមានជាច្រើនពីអ្នកជំនាញបរទេស ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយ របស់តំបន់។

អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃទីផ្សារវៀតណាម - ảnh 1រូបថត៖ Tuan Anh/TTXVN

ក្នុងក្របខ័ណ្ឌនៃសន្និសីទនិទាឃរដូវប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ប្រធានគណៈប្រតិភូប្រឹក្សាយោបល់និងឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចវៀតណាមរបស់ IMF នាយកប្រតិបត្តិ លោក Paulo Medas បានមានប្រសាសន៍ថា វៀតណាមគឺជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស (FDI) អ្នកជំនាញរបស់ IMF វាយតម្លៃថា ក្នុងបរិបទនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ី វៀតណាមបន្តក្លាយជាទីផ្សារដ៏ទាក់ទាញមួយ ដោយបានទាក់ទាញ  FDI ដោយសារបរិយាកាសវិនិយោគមានស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ ទីផ្សារក្នុងស្រុកដ៏ធំ និងធនធានមនុស្សវ័យក្មេង។

កាលពីមុន មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមយោងទៅតាមភាពស្មើគ្នានៃអំណាចទិញ (PPP) នឹងឈានដល់ជិត ២.៣៤៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៩ លើសប្រទេសអូស្ត្រាលី និងប៉ូឡូញ ដែលជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានសុទិដ្ឋិនិយមជាង ដោយរំពឹងថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៦,០% នៅឆ្នាំនេះ និង ៦,២% នៅឆ្នាំក្រោយ។ យោងតាម ADB ការស្ទុះងើបឡើងវិញយ៉ាងទូលំទូលាយក្នុងឧស្សាហកម្មកែច្នៃនាំចេញ សេវាកម្ម និងប្រតិបត្តិការប្រកបដោយស្ថិរភាពនៃវិស័យកសិកម្មត្រូវបានគេរំពឹងថា នឹងជួយឧបត្ថម្ភដល់ការងើបឡើងវិញរបស់វៀតណាម។

នៅក្នុងប្រទេសកូរ៉េខាងត្បូង យោងតាមអត្ថបទថ្មីមួយដែលបានចេញផ្សាយនៅក្នុងកាសែត Donga Ilbo វៀតណាមកំពុងត្រូវបានចាត់ទុកថាជា "រោងចក្រជំនាន់ក្រោយ" និងជាទីផ្សារកំពុងអភិវឌ្ឍន៍ដើម្បីជំនួសទីផ្សារមួយចំនួនផ្សេងទៀត ក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កម្រិតខ្ពស់ (R&D)។ អត្ថបទបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែង R&D របស់វៀតណាមទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរគោលនយោបាយរដ្ឋាភិបាល។

មិនត្រឹមតែអង្គការអន្តរជាតិប៉ុណ្ណោះទេ អង្គភាពអាជីវកម្មបរទេសជាច្រើនក៏បានវាយតម្លៃជាវិជ្ជមានអំពីសេដ្ឋកិច្ចវៀតណាមផងដែរ។ ថ្មីៗនេះ ក្រុមបច្ចេកវិទ្យាអាមេរិក Apple បានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើដៃគូខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម ដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់។ នៅក្នុងសេចក្តីប្រកាសមួយដែលបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ច មកកាន់វៀតណាមកាលពីថ្ងៃទី ១៥ ខែមេសា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា Apple ប្តេជ្ញាបន្តពង្រឹងការតភ្ជាប់នៅក្នុងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ