អ្នកនយោបាយក្នុងស្រុក និងអន្តរជាតិ អបអរសាទរលោកស្រី Liz Truss ដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស
(VOVWORLD) - បន្ទាប់ពីគណបក្សអភិរក្សដែលកំពុងកាន់អំណាចនៅចក្រភពអង់គ្លេសនៅថ្ងៃទី ៥ ខែកញ្ញា បានប្រកាសលទ្ធផលនៃការបោះឆ្នោតជុំចុងក្រោយ ដែលបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss បានវ៉ាដាច់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak ដើម្បីក្លាយជាអ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រី លោក Boris Johnson ហើយអ្នកនយោបាយអង់គ្លេស និងប្រទេសជាច្រើនបានបញ្ជូនសារអបអរសាទរចូនចំពោះលោកស្រី Liz Truss។
លោកស្រី Liz Truss ថ្លែងមតិក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
ចែករំលែកនៅលើ បណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Rishi Sunak ទាំងពីរបានអំពាវនាវឱ្យគណៈបក្សអភិរក្ស រួបរួមគ្នាដើម្បីគាំទ្រការដឹកនាំរបស់លោកស្រី Liz Truss នាំចក្រភពអង់គ្លេសរួចផុតពីវិបត្តិនាបច្ចុប្បន្ន។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអបអរសាទរចំពោះលោកស្រី Truss ហើយបានអំពាវនាវឱ្យទីក្រុងឡុងដ៍ និងទីក្រុងប្រ៊ុចសែល សហប្រតិបត្តិការគ្នាដើម្បីអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី។ ចែករំលែកនៅលើ Twitter លោកស្រី von de Leyen បានចាត់ទុកថា EU និងអង់គ្លេសគឺជាដៃគូដែលប្រឈមមុខនឹងបញ្ហារួមគ្នា តាំងពីការប្រែប្រួលអាកាសធាតុរហូតដល់វិបត្តិនៅអ៊ុយក្រែន។ ប្រធាន EC សង្ឃឹមថា ភាគីទាំងពីរនឹងមានទំនាក់ទំនងស្ថាបនា។
ក្នុងពេលជាមួយគ្នានោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអបអរសាទរលោកស្រី Truss ចំពោះមុខតំណែងថ្មី ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងគ្រាលំបាកទាំងនេះ ក្នុងនាមជាដៃគូ និងមិត្តភក្តិ។ ស្រដៀងគ្នានេះដែរ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Michael Martin និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអបអរសាទរលោកស្រី Truss និងបង្ហាញក្តីសង្ឃឹមសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាទ្វេភាគី និងលើពិភពលោកផងដែរ។
ពីប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី លោក Narendra Modi បានអបអរសាទររដ្ឋមន្ត្រីការបរទេសអង់គ្លេស ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងឥណ្ឌា-អង់គ្លេស នឹងត្រូវបានពង្រឹងបន្ថែមទៀត៕