អ្នកប្រាជ្ញរុស្ស៊ីអះអាងថា វៀតណាមដើរតួនាទីកាន់តែធំឡើងនៅលើឆាកអន្តរជាតិ
(VOVWORLD) - ថ្លែងសុន្ទរកថានៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ វៀតណាម លោក Konstantin Vnukov បានលើកឡើងនូវតួនាទីដ៏សែនសំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ដូចជា កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ហើយប្រទេសជាតិធ្វើសមាហរណកម្មកាន់តែខ្លាំងឡើងៗ និងទទួលបានការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ។
នាថ្ងៃទី១៩ ធ្នូ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “តួនាទីកំពុងផ្លាស់ប្ដូររបស់វៀតណាមនៅក្នុងពិភពសម័យបច្ចុប្បន្ន៖ ឆ្ពោះទៅមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣” ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានហូជីមិញ ចំណុះសាកលវិទ្យាល័យជាតិ Saint Petersburg ដោយមានការចូលរួមរបស់អ្នកប្រាជ្ញដ៏ល្បីឈ្មោះជាច្រើនមកពីរុស្ស៊ី កាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងជើងនិងវៀតណាម។ ថ្លែងសុន្ទរកថានៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម លោក Konstantin Vnukov បានលើកឡើងនូវតួនាទីដ៏សែនសំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ដូចជា កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ហើយប្រទេសជាតិធ្វើសមាហរណកម្មកាន់តែខ្លាំងឡើងៗ និងទទួលបានការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ។ ជាពិសេស វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលរក្សាបានកំណើនវិជ្ជមានទោះបីជាត្រូវប្រឈមនឹងវិបត្តិ Covid-19 ក៏ដោយ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣មានអត្ថន័យពិសេសក្នុងជីវភាពនយោបាយរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសជាតិទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើន ជាពិសេសគឺការរក្សារឹងមាំនូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅសិក្ខាសាលានេះដែរ បណ្ដាអ្នកជំនាញ អ្នកប្រាជ្ញរុស្ស៊ីនិងអន្តរជាតិបានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីចំណុចលេចធ្លោក្នុងគោលនយោបាយកិច្ចការបរទេសនិងយុទ្ធសាស្ត្រអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាសមិទ្ធផលរបស់វៀតណាមលើវិស័យសេដ្ឋកិច្ច-នយោបាយ-សង្គម នាពេលកន្លងមក ផងដែរ។ បទអន្តរាគមន៍ជាច្រើនបានចង្អុលបង្ហាញថា ទោះបីជាត្រូវប្រឈមនឹងជម្ងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស វៀតណាមបានរក្សាគោលនយោបាយកិច្ចការបរទេសប្រកបដោយសន្តិភាព ម្ចាស់ការ ហើយប្រកាន់ខ្ជាប់នូវការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ត្រៀមខ្លួនជាស្រេចជាមិត្តនិងដៃគូគួរឲ្យជឿទុកចិត្តរបស់ប្រទេសទាំងអស់លើពិភពលោក។ បណ្ដាអ្នកតំណាងក៏បានអះអាងថា វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងដ៏ជិតស្និទ្ធ កក់ក្ដៅ មិត្តភាពប្រពៃណី ព្រមទាំងយកចិត្តទុកដាក់ជានិច្ចដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរផងដែរ។
អ្នកជំនាញ Valeria Vershinina នៃមជ្ឈមណ្ឌលអាស៊ាន ចំណុះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) បានចាត់ទុកថា ដោយផ្អែកលើសន្ទស្សន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព គោលនយោបាយកិច្ចការបរទេសដោយម្ចាស់ការនិងសកម្ម និងការរួមវិភាគទានរបស់វៀតណាមទៅក្នុងជីវភាពនយោបាយអន្តរជាតិនោះ វៀតណាមគួរតែត្រូវបានចាត់ទុកថា ជា “ប្រទេសមហាអំណាចកម្រិតមធ្យម” ដូចនឹងប្រទេសមួយចំនួននៅក្នុងតំបន់ដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃនិងម៉ាឡេស៊ី៕