អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
(VOVWORLD) - នាថ្ងៃទី ៩ ខែកក្កដា វិទ្យាស្ថានអាស៊ី - អាហ្រ្វិកនៃសាកលវិទ្យាល័យ Hamburg នៃប្រទេសអាល្លឺម៉ង់បានបើកសិក្ខាសាលាលើកទី ៤ ស្តីពីសមុទ្រខាងកើត ក្នុងឱកាសខួប ៥ ឆ្នាំ ដែលតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ចេញសេចក្តីសម្រេចស្តីពីសមុទ្រខាងកើត (១២ កក្កដា ២០១៦)។
សេចក្តីសម្រេចរបស់ PCA គឺជាមូលដ្ឋានច្បាប់សំខាន់ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត (ប្រភព៖ TTXVN) |
ដោយសារតែជំងឺរាតត្បាតកូវីដ - ១៩ បានជាសិក្ខាសាលានេះត្រូវបានធ្វើឡើងតាមទម្រង់អ៊ិន ធឺរណែត ប៉ុន្តែស្មារតីរួមមួយត្រូវបានសម្តែងដោយអ្នកចូលរួម គឺសុទ្ធតែបានវាយតម្លៃខ្ពស់ ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងសេចក្តីសម្រេចរបស់តុលាការ PCA ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។
ថ្លែងនៅក្នុងសិក្ខាសាលា សាស្រ្តាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg បានឲ្យដឹងថា បន្ទាប់ពី PCA ចេញសាលដីការសម្រេចស្តីពីសមុទ្រខាងកើតមក ស្ថានភាពនៅលើសមុទ្រនេះនៅតែបន្តមានការវិវឌ្ឍន៍តានតឹងជាច្រើន ជាមួយនឹងការបំពានច្បាប់អន្តរជាតិជាបន្តបន្ទាប់ ដែលបណ្តាលឱ្យប្រទេសជាច្រើនបានឡើងសំឡេងប្រឆាំងជំទាស់។ សាស្រ្តាចារ្យ Thomas Engelbert បានលើកឡើងថា កាលពីដើមឆ្នាំនេះប្រទេសជប៉ុនបានផ្ញើកំណត់ទូតមួយទៅអង្គការសហប្រជាជាតិដោយច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត។ បណ្តាប្រទេសដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម ក៏បានធ្វើសេចក្តីប្រកាសអំពីការវិវឌ្ឍន៍ដ៏តានតឹងនៅក្នុងដែនទឹកទាំងនេះផងដែរ។ ភាគីទាំងអស់សុទ្ធតែចង់ឲ្យសមុទ្រខាងកើតជាតំបន់សមុទ្រមានសុវត្ថិភាព ធានាសេរីភាពនាវាចរណ៍។ សហគមន៍អន្តរជាតិក៏តែងតែប្រកាន់ខ្ជាប់នូវការអនុលោមតាមច្បាប់អន្តរជាតិនិងប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើ UNCLOS ក៏ដូចជាការមិនអនុលោមតាមសេចក្តីសម្រេចរបស់ PCA ទៀតសោត។
សូមគូសបញ្ជាក់ថា អង្គសិក្ខាសាលាស្តីពីសមុទ្រខាងកើតលើកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈមតិអន្តរជាតិ។ មតិរបស់អ្នកជំនាញនិងអ្នកស្រាវជ្រាវបានបញ្ជាក់និងបំភ្លឺយ៉ាងច្បាស់ពីគោលជំហរនិងតួនាទីរបស់ UNCLOS ក្នុងការដោះស្រាយជំលោះដោយសន្តិវិធីនៅសមុទ្រខាងកើត ព្រមទាំងបានបញ្ជាក់ជាថ្មីម្តងទៀត អំពីតម្លៃនៃសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល PCA ឆ្នាំ ២០១៦ផងដែរ៕