អន្តរជាតិថ្កោលទោសការវាយប្រហារភេរវកម្មនៅរុស្ស៊ី
(VOVWORLD) - ក្រសួងការបរទេសប៉ាគីស្ថានក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារនេះ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។
ផ្សារទំនើប Crocus City Hall នៅជាយក្រុងម៉ូស្គូ (រុស្ស៊ី) ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានការវាយប្រហារភេរវកម្មកាលពីយប់ថ្ងៃទី ២២ ខែមីនា។ រូបថត៖ AP |
បន្ទាប់ពីទទួលព័ត៌មានអំពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២២ ខែមីនានៅរុស្ស៊ីដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើនកាលពីម្សិលមិញ (២៣ មីនា) នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz បានថ្កោលទោសចំពោះឧប្បត្តិហេតុនេះ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរិះគន់យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ ហើយបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនរុស្ស៊ី។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានសង្កត់ធ្ងន់ថា "អំពើភេរវកម្មគឺមិនអាចទទួលយកបានឡើយ ទោះបីជាវាមកពីណា ឬជនល្មើសជានរណាក៏ដោយ"។
ក្នុងសាររំលែកទុក្ខផ្ញើជូនប្រធានាធិបតីរុស្ស៊ី ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ចិនប្រឆាំងរាល់ទម្រង់នៃអំពើភេរវកម្ម ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្ម និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងគោលបំណងការពារស្ថិរភាព និងសន្តិសុខជាតិ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានថ្កោលទោសការវាយប្រហារនេះ ហើយបានបញ្ជាក់ពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ីក្នុងគ្រាដ៏លំបាកនេះ។ ក្រសួងការបរទេសប៉ាគីស្ថានក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារនេះ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។
ពីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសអំពើភេរវកម្មគ្រប់ទម្រង់ និងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនរុស្ស៊ី។ ជាមួយគ្នានេះ អ្នកនាំពាក្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Farah Dakhlallah ក៏បានថ្កោលទោសការវាយប្រហារភេរវកម្មនេះ និងបានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក៏បានថ្កោលទោសការវាយប្រហារនេះ និងសម្តែងការអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ។
ប្រទេស និងអង្គការអន្តរជាតិនានាជុំវិញពិភពលោកក៏បានចូលរួមរំលែកទុក្ខ សម្តែងនូវសាមគ្គីភាពជាមួយប្រជាជនរុស្ស៊ី និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្ម ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស និងស្លាប់៕