អនុប្រធានបក្សពលករ ស.ប.ប កូរ៉េ អញ្ជើញទៅទស្សនាវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈប្រតិភូជាន់ខ្ពស់ ស.ប.ប កូរ៉េ ដែលដឹកនាំដោយអនុប្រធានបក្សពលករ ស.ប.ប កូរ៉េ លោក Ry Su Yong បានអញ្ជើញមកទស្សនាវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម។
អនុប្រធានបក្សពលករ ស.ប.ប កូរ៉េ លោក Ry Su Yong |
គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សពលករ ស.ប.ប កូរ៉េ (WPK) រួមមាន អនុប្រធានគណៈកម្មាធិការបក្សពលករ ស.ប.ប កូរ៉េ និងជាប្រធានគណៈកម្មការអន្តរជាតិ លោក Ry Su Yong , អនុប្រធានគណៈកម្មាធិការកណ្តាលបក្ស WPK និងជាប្រធានគណៈកម្មការចាត់តាំង លោក Kim Pyong Hae រួមទាំងអនុប្រធានគណៈកម្មាធិការកណ្តាលបក្ស WPK និងជាប្រធានគណៈកម្មការផ្នែកសេដ្ឋកិច្ចកណ្តាល លោក O Su Yong។ នៅក្នុងជំនួបពិភាក្សា នាយកវិទ្យាស្ថានវិទ្យា សាស្ត្រកសិកម្មវៀតណាម សាស្ត្រាចារ្យ-បណ្ឌិត Nguyen Hong Son បានឧទ្ទេសនាមអំពីកសិផលនានាដែលជាឧត្តមភាពរបស់វៀតណាម ព្រមទាំងបានអះអាងថានេះគឺជាឱកាសដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន តាមរយៈនោះបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងបង្កើនសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។
រីឯលោក Kim Pyong Hae ក៏បានសំដែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបច្ចេកទេសធ្វើដំណាំស្បៀងអាហាររបស់វៀតណាម ដូចជាស្រូវ ពោត ដំឡូងបារាំង ហើយសង្ឃឹមថាវៀតណាមជួយអភិវឌ្ឍន៍ពូជស្រូវដែលមានទិន្នផលខ្ពស់ផងដែរ។ ក្នុងរសៀលថ្ងៃដដែល គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់បក្សពលករ ស.ប.ប កូរ៉េ នឹងទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Viettel និងសហករណ៍ Dan Hoai (ស្រុក Dan Phuong ទីក្រុងហាណូយ) យោងតាមផែនការបំពេញការងាររបស់គណៈប្រតិភូនៅវៀត ណាម៕