អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី
(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញបំពេញទស្សនកិច្ចនៅអគ្គកុងស៊ុល និង ជួបសំណេះសំណាលជាមួយ និស្សិត វៀតណាម ដែលកំពុងសិក្សានៅទីក្រុង Sydney ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានជម្រាបអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក ហើយលោកស្រីអះអាងថា ក្នុងឆ្នាំ ២០១៨ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម បន្តខិតខំប្រឹងប្រែងអនុវត្តបាននូវ គោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញ ព្រមទាំង ពង្រឹងការការពារអធិបតេយ្យភាព លើដែនគោកនិងកោះសមុទ្រដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលី លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថាទំនាក់ទំនងភាពជាដៃកូយុទ្ធសាស្ត្ររវាងវៀតណាម និង អូស្ត្រាលីបានបើកឱកាសដ៏ល្អសំរាប់កិច្ចសហប្រតិបត្តិការទ្វេភាគីថ្មីនៃប្រទេសទាំងពីរ។ ដូច្នេះអាណិកជនវៀតណាមនៅទីនេះគួរតែបន្តលើកកម្ពស់នូវលទ្ធផលដែលសម្រេចបាននិងរួមដៃគ្នាកសាងសមាគមន៍មួយប្រកបដោយសាមគ្គីភាព និង រឹងមាំ៕