អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan សង្កត់ធ្ងន់ថា "សាមគ្គីភាពក្នុងពិភពលោកដែលបែកបាក់គ្នា"
(VOVWORLD) - ចលនានេះចាំបាច់ត្រូវបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យមានការដកទណ្ឌកម្មឯកតោភាគី និងការហ៊ុមព័ទ្ធប្រឆាំងនឹងគុយបា និងប្រទេសសមាជិកដទៃទៀត។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan (រូបថត៖ vna) |
ក្នុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដា នាព្រឹកថ្ងៃម្សិលមិញ (ថ្ងៃទី ២០ មករា) អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំពេញអង្គ។
លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់អំពីតួនាទីជាប្រវត្តិសាស្ត្ររបស់ចលនាមិនចូលបក្សសម្ព័ន្ធ និងបានសម្តែងនូវទំនុកចិត្តចំពោះប្រទេសសមាជិកចំនួន ១២០ ដែលតំណាងឱ្យជិត ៦០% នៃចំនួនប្រជាជនពិភពលោក និងស្មើនឹងប្រហែល ២០% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅទូទាំងពិភពលោក ហើយចលនានេះនឹងបន្តជាសំឡេងនាំមុខ លើកកំពស់សាមគ្គីភាពក្នុងពិភពលោកដែលបែកបាក់គ្នា។
ដើម្បីបន្តលើកកំពស់តួនាទីនៃចលនាមិនចូលបក្សសម្ព័ន្ធ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ប្រទេសសមាជិកត្រូវមានសំឡេងរួម ដើម្បីដោះស្រាយបញ្ហាប្រឈមសកល។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ចលនានេះចាំបាច់ត្រូវបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យមានការដកទណ្ឌកម្មឯកតោភាគី និងការហ៊ុមព័ទ្ធប្រឆាំងនឹងគុយបា និងប្រទេសសមាជិកដទៃទៀត។ លើសពីនេះ ក្នុងស្មារតីនៃសាមគ្គីភាពក្នុងភាពចម្រុះ លោកស្រីអនុប្រធានរដ្ឋបានអំពាវនាវឱ្យចលនាបន្តគោរព និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងគោលបំណងធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត និងអាស៊ីអាគ្នេយ៍ ជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងឆ្នាំ១៩៨២។
លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តរួមចំណែកក្នុងបុព្វហេតុរួមនៃចលនា និងប្រទេសកំពុងអភិវឌ្ឍន៍៕