អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាពិភពលោកនៅទីក្រុង Belgrade នៃប្រទេសស៊ែប៊ី នាថ្ងៃទី ១៤ ខែតុលាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong បានអញ្ជើញជួបពិភាក្សាជាមួយលោក Bounpone Bouttanavong អនុប្រធានរដ្ឋសភាឡាវ។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវលោក Bounpone Bouttanavong |
អញ្ជើញថ្លែងនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong បានឲ្យដឹងថា៖ នាឆ្នាំ២០២០ វៀតណាមនឹងទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និងប្រធានអាស៊ាន ក៏ដូចជាប្រធានអន្តរសភា (AIPA) លើកទី ៤១។ ហេតុដូច្នេះហើយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ស្រី Tong Thi Phong មានបំណងចង់ឲ្យរដ្ឋាភិបាល ក៏ដូចជារដ្ឋសភាឡាវគាំទ្រវៀតណាមក្នុងការបំពេញតួនាទីដ៏សំខាន់ទាំងនេះ រួមចំណែកយ៉ាងសកម្មទៅក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។ ទន្ទឹមនឹងនេះ លោកស្រី Tong Thi Phong បានស្នើឲ្យឡាវរួមសហការជាមួយវៀតណាម ដើម្បីប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ក៏ដូចជារួមគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ។
នាថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong បានអញ្ជើញចូលរួមសម័យពិភាក្សានៃមហាសន្និបាតអន្តរសភាពិភពលោក និងអញ្ជើញចូលរួមពិធីជប់លៀងជាកិត្តិយសជូនចំពោះប្រធានគណប្រតិភូនានា ដែលបានចូលរួម IPU លើកទី ១៤១ ដែលរៀបចំឡើងដោយប្រធានរដ្ឋាភានៃប្រទេសម្ចាស់ផ្ទះផងដែរ៕