អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចនៅប្រទេសចិន

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃទី ១៦ ខែធ្នូថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។ 

នេះត្រូវបានចាត់ទុកថាជាដំណើរទស្សនកិច្ចផ្លូវការដ៏កម្រមាន របស់មន្ត្រីកូរ៉េខាងជើងទៅកាន់ប្រទេសចិនចាប់តាំងពីក្រុងព្យុងយ៉ាងបានបិទព្រំដែនដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចនៅប្រទេសចិន - ảnh 1អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho។ រូបថត៖ យ៉ុនហាប់

យោងតាម KCNA នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១៥ ខែធ្នូ អនុរដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង មុនឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៤។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពី “បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា” និង “ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ”រវាងប្រទេសទាំងពីរនាពេលខាងមុខ។

កាលពីខែកញ្ញាកន្លងទៅ គណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Liu Guozhong បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជាតិរបស់ប្រទេសកូរ៉េខាងជើង (៩កញ្ញា ១៩៤៨ - ៩ កញ្ញា ២០២៣)។ កាលពីខែកក្កដា KCNA បានរាយការណ៍ថា កូរ៉េខាងជើង និងចិនបានអះអាងឡើងវិញនូវគោលជំហររបស់ប្រទេសទាំងពីរក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឡើងដល់កម្រិតខ្ពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ