អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានទទួលជួបសេនានុព័ន្ធកម្ពុជាប្រចាំនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែមីនា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Hoang Xuan Chien បានទទួលជួបលោក លាង សុវណ្ណារ៉ា សេនានុព័ន្ធកម្ពុជា មកជំរាបសួរ ក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។
នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជានាពេលកន្លងមក ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស និងការឃោសនាអំពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ ការងារគ្រប់គ្រងព្រំដែន ការប្រមូលនិងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងសម័យសង្រ្គាម។ ជាពិសេសនៅចុងឆ្នាំមុន ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានសម្របសម្រួលជាមួយក្រសួងការពារជាតិឡាវ ដើម្បីរៀបចំ “ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជាលើកដំបូង” ប្រកបដោយជោគជ័យ។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានទទួលជួបសេនានុព័ន្ធកម្ពុជាប្រចាំនៅវៀតណាម។ រូបថត៖ TTXVN |
អនុរដ្ឋមន្ត្រី Hoang Xuan Chien សង្ឃឹមថា លោកសេនានុព័ន្ធកម្ពុជា លាង សុវណ្ណារ៉ា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមុខងារនៃក្រសួងការពារប្រទេសវៀតណាម បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាលធនធានមនុស្ស ដោះស្រាយផលវិបាកពីគ្រាប់បែកមីនក្រោយសម័យសង្គ្រាម ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។
សេនានុព័ន្ធកម្ពុជា លោក លាង សុវណ្ណារ៉ា បានបញ្ជាក់ថា ក្នុងតួនាទីបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជា៕