អាមេរិក និង​ចិន​បើក​កិច្ច​ប្រជុំ​ក្រុម​ការងារ​ពាណិជ្ជកម្ម​លើក​ដំបូង

(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ក្រុមការងារពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានជួបប្រជុំលើកដំបូង បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន។ ជំនួបនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលភាពតានតឹងផ្នែកសពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែកើនឡើង។

គណៈប្រតិភូនៃភាគីទាំងពីរដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី Marisa Lago និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen ។ ជំនួបនេះគឺជាសញ្ញាដែលបង្ហាញថា ទាំងអាមេរិកនិងចិនមានបំណងចង់គ្រប់គ្រងភាពតានតឹងពាណិជ្ជកម្ម និងការខ្វែងគំនិតគ្នាដែលកំពុងតែកើនឡើងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ទាក់ទងនឹងការដែលអាមេរិកដាក់កំហិតលើការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន ជាពិសេសបន្ទះឈីប semiconductor ទៅប្រទេសចិន ឬការដែលចិនប្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយចាត់ទុកថា អាមេរិកអនុវត្តគោលនយោបាយគាំពារនិងមានការរើសអើងចំពោះរថយន្តអគ្គិសនីរបស់ចិន។ កិច្ចប្រជុំក៏បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២ ខែមេសា ក្នុងនោះមេដឹកនាំទាំងពីររូបបានឯកភាពរក្សាទំនាក់ទំនងជាប្រចាំដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។

អាមេរិក និង​ចិន​បើក​កិច្ច​ប្រជុំ​ក្រុម​ការងារ​ពាណិជ្ជកម្ម​លើក​ដំបូង - ảnh 1ប្រភព៖ Vietnam+

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កំពុងបំពេញទស្សនកិច្ចជាលើកទីពីរទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ចិន។ យោងតាមលោកស្រី Janet Yellen បើទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនក៏ដោយ ក៏សហរដ្ឋអាមេរិក និងចិន មិនចង់ឱ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរពុះជ្រៀកចេញពីគ្នានោះទេ៖ “យើងបានយល់ព្រមថា ប្រការដ៏សំខាន់បំផុតគឺភាគីទាំងពីរមិនចង់ឲ្យសេដ្ឋកិច្ចបំបែកពីគ្នានោះទេ។ យើងចង់បន្តកិច្ចសហប្រតិបត្តិការ ហើយខ្ញុំគិតថាប្រទេសទាំងពីរសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ