អាមេរិកចាត់ទុកថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅដើមខែឧសភា
(VOVWORLD) - អ្នកនាំពាក្យរងមួយរូបនៃក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា ភាគីអាមេរិកបានវាយតម្លៃថា កូរ៉េខាងជើងអាចនឹងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅទីតាំងសាកល្បង Punggye-ri នៅដើមខែឧសភានេះ។
នាពេលថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនការសាកល្បងអាវុធ និងបន្តការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប ជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៧មក។ ប្រទេសនេះមិនបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរចាប់តាំងពីឆ្នាំ ២០១៧ មកហើយ ប៉ុន្តែអាជ្ញាធរអាមេរិកនិងកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកបានចាត់ទុកថា មានសញ្ញានៃការសាងសង់ថ្មីនៅ Punggye-ri ដែលជាទីតាំងសាកល្បងនុយក្លេអ៊ែរតែមួយគត់របស់កូរ៉េខាងជើងដែលគេធ្លាប់ស្គាល់ដល់ ហើយថាប្រទេសនេះអាចនឹងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរមួយទៀតក្នុងពេលឆាប់ៗនេះ។ Punggye-ri ត្រូវបានបិទជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោកស្រី Jalina Porter បានឲ្យដឹងថា កូរ៉េខាងជើងកំពុងត្រៀមរៀបចំសម្រាប់តំបន់នេះ ហើយអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ ជាពិសេសនៅក្នុងខែឧសភា ហើយវានឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់កូរ៉េខាងជើង។
យោងតាមលោកស្រី Jalina Porter សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មាននេះជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ហើយនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងនេះ។ បញ្ហានុយក្លេអែររបស់កូរ៉េខាងជើងក៏នឹងត្រូវបានពិភាក្សាផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់កូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី ២០-២៤ខែឧសភា៕