អាមេរិកនិងអ៊ីរ៉ង់បញ្ចប់ការដោះដូរអ្នកទោស

(VOVWORLD) - កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់ការដោះដូរអ្នកទោសនៅអាកាសយានដ្ឋានអន្តរជាតិ Hamad ទីក្រុង Doha ប្រទេសកាតា។ 

តំណាងអាមេរិកបានទទួលពលរដ្ឋ ៥នាក់ដែលត្រូវបានអ៊ីរ៉ង់ដោះលែង និងផ្ទេរពីក្រុងតេហេរ៉ង់ទៅទីក្រុងដូហា។ ពលរដ្ឋទាំងនេះបានឡើងយន្តហោះដើម្បីវិលត្រឡប់ទៅអាមេរិកវិញ។ ជាថ្នូរទៅវិញ  អាមេរិកបានដោះលែងពលរដ្ឋអ៊ីរ៉ង់ចំនួន ៥នាក់។ ទន្ទឹមជាមួយនឹងដំណើរការដោះដូរអ្នកទោស ប្រាក់ចំណូលពីការលក់ប្រេងរបស់អ៊ីរ៉ង់ចំនួនជិត ៦ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបង្កក់នៅកូរ៉េខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានផ្ទេរទៅគណនីអ៊ីរ៉ង់ចំនួន ៦ ដែលបានបើកនៅធនាគារចំនួន១របស់កាតា។ ចំនួនទឹកប្រាក់នេះ នឹងត្រូវភាគីអ៊ីរ៉ង់ងចំណាយដើម្បីទិញទំនិញតាមលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយអាមេរិក ហើយនឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។

អាមេរិកនិងអ៊ីរ៉ង់បញ្ចប់ការដោះដូរអ្នកទោស - ảnh 1អ្នកទោសអាមេរិកដែលត្រូវបានអ៊ីរ៉ង់ដោះលែងបានមកដល់ទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី១៨ ខែកញ្ញា។ រូបថត៖ រ៉យទ័រ

បន្ទាប់ពីការដោះដូរអ្នកទោស សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខអ៊ីរ៉ង់ អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad និងមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ចំនួន៣រូប ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនអ្នកទោសដោយបំពាននិងអយុត្តិធម៌លើពលរដ្ឋអាមេរិកនិងពលរដ្ឋបរទេស។ ទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គការខាងលើនៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវបានបង្កក ហើយបុគ្គល និងអង្គការពហិរញ្ញវត្ថុទាំងអស់ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយបុគ្គលទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ