អាមេរិកបន្តយកពន្ធលើទំនិញវៀតណាម នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ការដោះដូរពាណិជ្ជកម្ម
(VOVWORLD) - នាថ្ងៃទី ២១ ខែធ្នូ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថាយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានឲ្យដឹងថាក្រសួងពាណិជ្ជកម្មអាមេរិកកំពុងត្រៀមបន្តយកពន្ធលើទំនិញវៀតណាមចាប់ពីខែធ្នូនេះដោយផ្អែកទៅលើការចោទប្រកាន់ថា វៀតណាមបានកំណត់តម្លៃទាបចំពោះប្រាក់ដុងវៀតណាម។
រូបថតឧទាហរណ៍ (ប្រភព៖ congan.com.vn |
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានអះអាងថា៖ វៀតណាមមានការសោកស្តាយចំពោះសេចក្តីសម្រេចចិត្តចុះថ្ងៃទី ២ ខែតុលាឆ្នាំ ២០២០ របស់ស្ថាប័នពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្នុងការចាប់ផ្តើមធ្វើការស៊ើបអង្កេតតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ស្តីពីបញ្ហារូបិយវត្ថុនិងឈើរបស់វៀតណាម នៅពេលដែលទំនាក់ទំនងការទូត វប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរកំពុងតែដំណើរការបានយ៉ាងល្អ។ នៅពេលដែល USTR បានសំរេចចិត្តចាប់ផ្តើមធ្វើការស៊ើបអង្កេតលើករណីនេះ វៀតណាមបានជូនដំណឹងដល់ភាគីសហរដ្ឋអាមេរិក អំពីការត្រៀមខ្លួនសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនៅក្នុងដំណើរការស៊ើបអង្កេតនិងបង្កើតក្រុមការងារដើម្បីធ្វើការជាមួយដៃគូពាក់ព័ន្ធរបស់ភាគីអាមេរិកផងដែរ។
លើសពីនេះទៀត ក្រុមការងារដឹកនាំដោយធនាគាររដ្ឋ គ្រោងនឹងធ្វើការពិគ្រោះយោបល់ទ្វេភាគីជាមួយភាគីអាមេរិកនៅចុងខែធ្នូឆ្នាំ ២០២០ ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នា។ វៀតណាមមានបំណងចង់ឲ្យភាគីអាមេរិកមានសត្យានុម័តក្នុងការស៊ើបអង្កេតអំពីគោលនយោបាយនិងភាពជាក់ស្តែងក្នុងការគ្រប់គ្រង របស់វៀតណាម ដើម្បីជៀសវាងផលប៉ះពាល់ធំធេងទៅលើទំនាក់ទំនងរួម និងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាសហគ្រាសនៃប្រទេសទាំងពីរផងដែរ ៕