អាមេរិកប្រកាសដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងបុគ្គល និងអាជីវកម្មរុស្ស៊ី
(VOVWORLD) - នៅថ្ងៃទី ៨ ខែឧសភា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាច្រើនលើស្ថានីយ៍ទូរទស្សន៍ និងអាជីវកម្មរបស់រុស្ស៊ី ក៏ដូចជាការរឹតបន្តឹងទិដ្ឋាការសម្រាប់មន្ត្រីរុស្ស៊ីនិងបេឡារុស្សប្រមាណ ២.៦០០ នាក់ផងដែរ។
សាខាធនាគាររុស្ស៊ី Sberbank នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ (រូបភាព៖ AFP/TTXVN) |
យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា នាយកប្រតិបត្តិនៃធនាគាររុស្ស៊ី Gazprombank បានស្ថិតក្នុង "បញ្ជីខ្មៅ" ហើយ។ លើសពីនេះទៀត នាយកប្រតិបត្តិ ៨រូប របស់ Sberbank, ធនាគារឧស្សាហកម្ម Moscow និងសាខាចំនួន១០ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ មន្ត្រីរូបនេះបានអះអាងថា ទណ្ឌកម្មថ្មីរបស់អាមេរិកគឺជាការបន្ត ដករុស្ស៊ីចេញពីប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក។
ក្នុងពេលជាមួយគ្នានោះ សេតវិមានបានឲ្យដឹងថាក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី Promtekhnologiya ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូននាវាចរណ៍ចំនួន៧ និងក្រុមហ៊ុននាវាសណ្តោងមួយនឹងត្រូវដាក់ទណ្ឌកម្មផងដែរ។ទន្ទឹមនឹងនោះ សេតវិមាននឹងដាក់ទណ្ឌកម្មលើស្ថានីយទូរទស្សន៍ធំៗចំនួនបីរបស់រុស្ស៊ី រួមមាន NTV, Russia-១ និង One Russia ដោយហាមប្រាមក្រុមហ៊ុនរុស្ស៊ីទាំងនេះពីការចូលប្រើសេវាប្រឹក្សាយោបល់ និងគណនេយ្យរបស់របស់ក្រុមហ៊ុនអាមេរិក។
ក្រសួងការបរទេសអាមេរិកក៏បានប្រកាសពីការហាមឃាត់និងរឹតបន្តឹងទិដ្ឋាការជាបន្តបន្ទាប់ ចំពោះនាយទាហាននៃកងទ័ពរុស្ស៊ីចំនួន ២.៥០០នាក់ និងកងកម្លាំងដែលគាំទ្រដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានដាក់បន្ថែមក្រុមហ៊ុននាវាចរណ៍រុស្ស៊ីចំនួន៨ និងនាវាចំនួន ៦៩គ្រឿង ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកផងដែរ៕