អាមេរិកព្រមានពីការឆ្លើយតបដ៏តឹងរ៉ឹង ប្រសិនបើអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ៩០%
(VOVWORLD) - អ្នកសម្របសម្រួលមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកលោក Brett McGurk បានធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ដើម្បីពិភាក្សាជាមួយមន្ត្រីម្ចាស់ផ្ទះអំពីការឆ្លើយតបរបស់សេតវិមានចំពោះកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
រោងចក្រនុយក្លេអ៊ែរ Natanz ប្រទេសអ៊ីរ៉ង់។ រូបថតឯកសារ៖ AFP/VNA |
កាលពីថ្ងៃទី ១០ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាបានរាយការណ៍ថា ក្នុងអំឡុងពេលការចរចាដោយប្រយោលនៅអូម៉ង់ក្នុងខែឧសភាឆ្នាំនេះ មន្ត្រីអាមេរិកបានព្រមានអំពីការឆ្លើយតបដ៏តឹងរ៉ឹង ប្រសិនបើអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ភាពបរិសុទ្ធ ៩០% ។ នារយៈពេលកន្លងទៅ អ្នកសម្របសម្រួលមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកលោក Brett McGurk បានធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ដើម្បីពិភាក្សាជាមួយមន្ត្រីម្ចាស់ផ្ទះអំពីការឆ្លើយតបរបស់សេតវិមានចំពោះកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ក្នុងពេលជាមួយគ្នានេះ អ្នកចរចានុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់លោក Ali Bagheri Kan ក៏បានធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ ជាមួយក្រុមចរចារបស់ប្រទេសនេះផងដែរ ប៉ុន្តែមិនមានជំនួបផ្ទាល់ជាមួយមន្ត្រីអាមេរិកឡើយ។ គណៈប្រតិភូទាំងពីរស្ថិតនៅទីតាំងដាច់ដោយឡែកពីគ្នា ហើយតាមរយៈមន្ត្រីអូម៉ង់ ដើម្បីបញ្ជូនសារដល់គ្នាទៅវិញទៅមក។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ប៉ាន់ប្រមាណថា អ៊ីរ៉ង់បច្ចុប្បន្នមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ១១៤ គីឡូក្រាម ដែលត្រូវបានចម្រាញ់នៅកម្រិត ៦០% ។ មន្ត្រីអាមេរិកបានផ្ញើសារដោយប្រយោលទៅកាន់គណៈប្រតិភូអ៊ីរ៉ង់ថា ទីក្រុងវ៉ាស៊ីនតោននឹងមានប្រតិកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងតេអេរ៉ង់ឈានដល់កម្រិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ៩០% សម្រាប់តម្លើងអាវុធនុយក្លេអ៊ែរ៕