អាមេរិកព្រមានរឹតបន្តឹងបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី ១០ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថាប្រទេសនេះមានផែនការរឹតបន្តឹងបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ក្នុងបទសុន្ទរកថារបស់ខ្លួន លោក Mike Pompeo បានសង្កត់ធ្ងន់ថា បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើ អ៊ីរ៉ង់ គឺជា "វិធានការដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រ" ។ 

លោកបានអះអាងថា បទដាក់ទណ្ឌកម្មទាំងនេះនឹងកាន់តែត្រូវបានរឹតបន្តឹងថែមទៀត រហូតដល់ពេលណា ដែលរដ្ឋអំណាចអ៊ីរ៉ង់ផ្លាស់ប្ដូរគោលនយោបាយ ដែលអាមេរិកចាត់ទុកថាជាការគំរាមកំហែងដល់ប្រទេសខ្លួន និងអន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស លោក Pompeo បានឲ្យដឹងថែមទៀតថាវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច "បើកចេញជំពូកថ្មីមួយ" ក្នុងទំនាក់ទំនងជាមួយតេអេរ៉ង់ ប្រសិនបើប្រទេសសាធារណរដ្ឋឥស្លាមនេះ ឆ្លើយតបបាននឹងលក្ខខ័ណ្ឌចំនួន ១២ ចំណុច ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងកាលពីដើមខែឧសភា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានព្រមានដូច្នេះ ក្រោយពីរដ្ឋមន្ត្រីប្រេង អ៊ីរ៉ង់លោក Bijan Zanganeh នាថ្ងៃដដែល បានរិះគន់បទដាក់ទណ្ឌកម្មរបស់អាមេរិកលើតេអេរ៉ង់ គឺមិនស្របច្បាប់ទាំងស្រុង ព្រមទាំងប្រកាសថា អ៊ីរ៉ង់នឹងមិនគោរពតាមនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ