អាមេរិក​វិល​ត្រលប់​ទៅឋានព្រះច័ន្ទវិញក្រោយ​រយៈ​ពេល​ជាងកន្លះសតវត្ស

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ យានអវកាស Odysseus របស់ក្រុមហ៊ុនឯកជន Intuitive Machines (អាមេរិក) បានចុះចតលើផ្ទៃព្រះច័ន្ទប្រកបដោយជោកជ័យ កត់សម្គាល់លើកដំបូងដែលអាមេរិកបានវិលត្រឡប់ទៅឋានព្រះច័ន្ទវិញ ក្រោយរយៈពេល ៥២ ឆ្នាំ។
អាមេរិក​វិល​ត្រលប់​ទៅឋានព្រះច័ន្ទវិញក្រោយ​រយៈ​ពេល​ជាងកន្លះសតវត្ស - ảnh 1រូបភាពយានអវកាស Odysseus ខិតជិតព្រះច័ន្ទ។ រូបថត៖ AP

យោងតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) និងអ្នកដឹកនាំក្រុមហ៊ុន Intuitive Machines យានអវកាស Odysseus បានចុះចតនៅជិតប៉ូលខាងត្បូងនៃព្រះច័ន្ទនៅវេលាម៉ោង ៦៖២៣នាទី ព្រឹកនេះ (ម៉ោងនៅវៀតណាម)។ ព្រឹត្តិការណ៍នេះ ជាលើកដំបូងក្រោយរយៈពេល ៥២ ឆ្នាំដែលសហរដ្ឋអាមេរិកបានវិលត្រឡប់ទៅឋានព្រះច័ន្ទ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលយានអវកាសពាណិជ្ជកម្មពីក្រុមហ៊ុនឯកជនមួយ បានចុះចតនៅលើឋានព្រះច័ន្ទ។ Tim Crain ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Intuitive Machines និងជាអ្នកទទួលបន្ទុកបេសកកម្មចុះចតនេះ បានឲ្យដឹងថា៖ "យើងកំពុងវាយតម្លៃពីរបៀបកែលម្អសញ្ញាពី Odysseus ។ អ្វីដែលយើងអាចបញ្ជាក់បានដោយគ្មានការសង្ស័យ នោះគឺឧបករណ៍របស់យើងស្ថិតនៅលើផ្ទៃព្រះច័ន្ទ ហើយយើងកំពុងបញ្ជូនសញ្ញា”។

Odysseus ចាប់ផ្តើមបេសកកម្ម "IM-១" ទៅឋានព្រះច័ន្ទនៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំនេះ ដោយបានចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងទីក្រុង Canaveral រដ្ឋ Florida។ ភារកិច្ចចម្បងរបស់ Odysseus លើផ្ទៃព្រះច័ន្ទគឺធ្វើរការស្ទាបស្ទង់បរិស្ថាន ធនធាននិងគ្រោះថ្នាក់ដែលអាចកើតមានឡើង ដើម្បីត្រៀមបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ NASA គ្រោងនឹងអនុវត្តន៍ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ក្នុងបេសកកម្មដែលមានឈ្មោះថា Artemis III ។ NASA ក៏បានរួមចំណែកទឹកប្រាក់ ១១៨ លានដុល្លារក្នុងបេសកកម្មនាំយក Oysseus ទៅកាន់ឋានព្រះច័ន្ទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ