អ៊ុយក្រែននឹងមិនចូលរួមការចរចាជាមួយភាគីទី៣ ស្តីពីដំណោះស្រាយសម្រាប់ជម្លោះទេ
(VOVWORLD) - នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky បានអះអាងថា លោកនឹងមិនចូលរួមការចរចាជាមួយភាគីទី៣ ស្តីពីផែនការបញ្ឈប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky ។ រូបថត៖ Sputnik/Mikhail Metzel/REUTERS |
នេះ ជាការអះអាងរបស់លោក Zelensky ចំពោះព័ត៌មានដែលបានចាត់ទុកថា សហភាពអឺរ៉ុប (EU) អាមេរិក និងអង់គ្លេស បានពិភាក្សាអំពីផែនការសន្តិភាពមួយសម្រាប់ប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី Zelensky បានលើកច្បាស់ថា នឹងមិនធ្វើការចរចាអំពីផែនការណាមួយឡើយ ហើយបច្ចុប្បន្ននេះ ក៏មិនមានការចរចាបែបនេះដែរ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវបន្តរក្សាទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេសអឺរ៉ុប ក៏ដូចជាមហាអំណាចពិភពលោកទាំងអស់។
លើសពីនេះទៅទៀត លោកប្រធានាធិបតី Zelensky ក៏បានចាត់ទុកថា ប្រទេសតួកគីអាចក្លាយជាអ្នកសម្របសម្រួលក្នុងការចរចា ស្តីពីការដកហ៊ុំព័ទ្ធកំពង់ផែរបស់អ៊ុយក្រែន ដើម្បីបង្កលក្ខណ្ឌអំណោយផលសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។ លោកបានឲ្យដឹងថា អ៊ុយក្រែននឹងមិនចូលរួមការចរចារវាងអាជ្ញាធរតួកគីនិងរុស្ស៊ីស្តីពីបញ្ហាទាំងនេះទេ។
លោក Zelensky ក៏បាន អះអាងថា ទីក្រុងគៀវនឹងមិនផ្លាស់ប្តូរគោលបំណងចង់ចូលជាសមាជិកសហភាពអឺរ៉ុបនោះឡើយ ហើយកិច្ចព្រមព្រៀងស្តីពីសម្ព័ន្ធភាពយោធាមួយអាចសម្រេចបាន ដោយមានចក្រភពអង់គ្លេសជាផ្នែកមួយក្នុងការធានាសន្តិសុខរបស់អ៊ុយក្រែន៕