អ៊ុយក្រែនបានជំរុញឱ្យមានការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះយោធា
(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelenskiy បានអញ្ជើញចុះត្រួតពិនិត្យនៅកន្លែងកើតហេតុនៃការធ្លាក់យន្តហោះយោធានៅព្រឹកថ្ងៃដដែលនៅតំបន់ Kharkov ។ លោក Zelenskiy បានស្នើឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់ៗនូវមូលហេតុនៃគ្រោះថ្នាក់ដែលបានសម្លាប់មនុស្សចំនួន ២៦ នាក់នេះ។
កម្លាំងមានសមត្ថកិច្ច បានស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការធ្លាក់ យន្ដហោះដឹកជញ្ជូនយោធា Antonov-26 នៅជិតមូលដ្ឋានអាកាស Chuhuiv ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃ Kharkiv នៅភាគខាងកើតអ៊ុយក្រែន នៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ AFP / VNA) |
មេដឹកនាំអ៊ុយក្រែនរូបនេះ បានឲ្យដឹងថា ប្រទេសនេះបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយដែលរួមមានអាកាសយានិក និងមន្រ្តីមកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខុទ្ទកាល័យអគ្គរដ្ឋអាជ្ញានិងស្ថាប័នស៊ើបអង្កេតរដ្ឋអ៊ុយក្រែន។ មុននេះ លោកប្រធានាធិបតី Zelenskiy ក៏បានប្រកាសថ្ងៃកាន់ទុក្ខជាតិដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះផងដែរ។
យោងតាមសារព័ត៌មាននាពេលថ្មីៗនេះ ពីក្រសួងស្ថានការណ៍បន្ទាន់នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា យន្ដហោះយោធា An-26 នៅពេលដែល ជួបគ្រោះថ្នាក់ បានដឹកមនុស្សចំនួន ២៧ នាក់ ក្នុងនោះមាននាវិកចំនួន ៧ នាក់ និងសិក្ខាកាមចំនួន ២០ នាក់នៃវិទ្យាស្ថានអាកាសយានិក Kharkov ។ គ្រោះថ្នាក់នេះបានធ្វើឲ្យមនុស្សចំនួប ២៦ នាក់បានបាត់បង់ជីវិត ហើយមានតែសិក្ខាកាមតែម្នាក់គត់ប៉ុណ្ណោះដែលបានរួចជីវិតពីស្លាប់ផងដែរ៕